សមាជិកជានីតិបុគ្គលសំដៅទៅលើសមាគមអ្នកធុរកិច្ច ឬសភាពាណិជ្ជកម្មដែលត្រូវបានចុះបញ្ជីសមាជិកជានីតិបុគ្គលរបស់ ម.ជ.ម.។ សមាជិកជានីតិបុគ្គលនីមួយៗ ត្រូវតែងតាំងរូបវន្តបុគ្គលមួយរូបឱ្យធ្វើជាអ្នកតំណាងរបស់ខ្លួន ដើម្បីធ្វើសកម្មភាពនានាក្នុងនាមជាសមាជិកជានីតិបុគ្គលសម្រាប់គ្រប់កិច្ចការទាំងអស់ពាក់ព័ន្ធនឹង ម.ជ.ម. រួមបញ្ជូលទាំងការតំណាងសមាជិកជានីតិបុគ្គលនៅក្នុងក្រុមប្រឹក្សាប្រតិបត្តិ ឬក្នុងគណៈកម្មាធិការនានា ប្រសិនបើសមាជិកជានីតិបុគ្គលនោះត្រូវបានតែងតាំងតាមនីតិវិធីកំណត់។ ដើម្បីជៀសវាងការភ័ន្តច្រឡំ អ្នកតំណាងមិនត្រូវបានចាត់ទុកជាសមាជិករបស់ ម.ជ.ម. ឡើយ។ លក្ខណៈសម្បត្តិសម្រាប់ការចុះបញ្ជីជាសមាជិករួមមាន៖
- នីតិបុគ្គល ត្រូវតែស្ថិតក្នុងប្រភេទណាមួយនៃអង្គភាពខាងក្រោម៖
- គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
- សភាពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា
- រាល់សមាគម ដែលប្រមូលផ្ដុំសមាជិកជាពាណិជ្ជករ ឧស្សាហករ អាជីវករ ឬសេវាករ
- ត្រូវបានបង្កើតឡើងដោយមានបុគ្គលភាពគតិយុត្តិ ស្ថិតនៅក្រោម និងស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមានផ្សេងៗទៀត ព្រមទាំងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬនៅស្ថាប័នមានសមត្ថកិច្ចណាមួយ
- មានប្រព័ន្ធអភិបាលកិច្ចច្បាស់លាស់ ក្រុមប្រឹក្សាភិបាល និងសមាជិក ស្របតាមវិធានគ្រប់គ្រងរបស់ខ្លួន
- មានសមាជិកជានីតិបុគ្គលយ៉ាងតិច ២០ (ម្ភៃ) នាក់
- មានសកម្មភាពយ៉ាងសកម្មក្នុងកិច្ចការពាណិជ្ជកម្មដូចមានកំណត់ក្នុងមាត្រា ២(ឈ) នៃច្បាប់ស្ដីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
- នីតិបុគ្គល ត្រូវមានឆន្ទៈក្នុងការចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកម្មវត្ថុ និងសកម្មភាពរបស់ ម.ជ.ម.។