គណៈកម្មាធិការ

គណៈកម្មាធិការ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាប្រតិបត្តិ ដើម្បីអនុវត្តការងារ ឬគម្រោងជាក់លាក់ណាមួយ។ សមាជិកគណៈកម្មាធិការមានកាតព្វកិច្ចបង្ហាញទៅក្រុមប្រឹក្សាប្រតិបត្តិ អំពីទំនាស់ផលប្រយោជន៍នានា ដែលអាចមានពាក់ព័ន្ធនឹងការបំពេញតួនាទី និងមុខងាររបស់ខ្លួនក្នុងគណៈកម្មាធិការ​។ សេចក្តីសម្រេចរបស់គណៈកម្មាធិការ ត្រូវធ្វើឡើងដោយសំឡេងភាគច្រើននៃសមាជិកទាំងអស់របស់ខ្លួន។

លើកលែងតែមានការសម្រេចផ្សេងដោយក្រុមប្រឹក្សាប្រតិបត្តិ គណៈកម្មាធិការនីមួយៗត្រូវមានសមាជិក ៣ (បី) រូប និងសមាជិកបម្រុង ៣ (បី) រូប។ សមាជិក និងសមាជិកបម្រុងរបស់គណៈកម្មាធិការ អាចធ្វើជាសមាជិកក្នុងគណៈកម្មាធិការតែមួយប៉ុណ្ណោះ។ អាណត្តិរបស់សមាជិកនីមួយៗមានរយៈពេល ៣ (បី) ឆ្នាំ ហើយមិនលើសពី ០២ (ពីរ) អាណត្តិជាប់គ្នានៅក្នុងគណៈកម្មាធិការនីមួយៗ។ ប្រធានគណៈកម្មាធិការត្រូវតែជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ។

យោងតាមបទបញ្ជាផ្ទៃក្នុង ម.ជ.ម. មានគណៈកម្មាធិការចំនួន ៤ (បួន) គឺគណៈកម្មាធិការតែងតាំង និងនីតិវិធី គណៈកម្មាធិការវិន័យ គណៈកម្មាធិការអប់រំ និងបណ្តុះបណ្តាល និងគណៈកម្មាធិការសមាជិកភាព។

តួនាទីរបស់គណៈកម្មាធិការតែងតាំង និងនីតិវិធី

  • សម្រេចតែងតាំងមជ្ឈត្តករស្របតាមវិធានស្ដីពីមជ្ឈត្តការរបស់ ម.ជ.ម.
  • សម្រេចលើការតវ៉ាពាក់ពន្ធ័នឹងការកំណត់យុត្តាធិការរបស់ ម.ជ.ម. ស្របតាមវិធានស្ដីពីមជ្ឈត្តការ
  • សម្រេចលើសំណើសុំដំណើរការនីតិវិធីពន្លឿនស្របតាមវិធានស្តីពីមជ្ឈត្តការ
  • សម្រេចលើសំណើសុំវិធានការបណ្តោះអាសន្នចេញដោយមជ្ឈត្តករបន្ទាន់ស្របតាមវិធានស្តីពីមជ្ឈត្តការ
  • តាមសំណើរបស់ក្រុមប្រឹក្សាប្រតិបត្តិ ផ្ដល់យោបល់ចំពោះកិច្ចការនានាដែលខ្លួនលើបញ្ហានានាដែលពាក់ព័ន្ធនឹងដំណើរការនៃការតែងតាំងតាមវិធានស្ដីពីមជ្ឈត្តការនៃ ម.ជ.ម. និង
  • បំពេញតួនាទីផ្សេងទៀតដែលក្រុមប្រឹក្សាប្រតិបត្តិអាចស្នើឡើង។

តួនាទីរបស់គណៈកម្មាធិការវិន័យ

  • ផ្តល់យោបល់ជូនក្រុមប្រឹក្សាប្រតិបត្តិពាក់ព័ន្ធនឹងប្រការ ១៩ និងប្រការ ៣០ នៃបទបញ្ជាផ្ទៃក្នុង ម.ជ.ម. និងវិធានផ្សេងៗរបស់​ ម.ជ.ម. ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម លើសមាជិកនៃ ម.ជ.ម.
  • ផ្ដល់យោបល់ចំពោះកិច្ចការនានា ដែលពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មតាមសំណើរបស់ក្រុមប្រឹក្សាប្រតិបត្តិ
  • បំពេញតួនាទីផ្សេងទៀតដែលក្រុមប្រឹក្សាប្រតិបត្តិអាចស្នើឡើង។

តួនាទីរបស់គណៈកម្មាធិការអប់រំ និងបណ្តុះបណ្តាល

  • ផ្តល់យោបល់ដល់ក្រុមប្រឹក្សាប្រតិបត្តិពាក់ព័ន្ធនឹងការអភិវឌ្ឍគោលនយោបាយទាក់ទងនឹងកម្មវិធីអប់រំ និង បណ្តុះបណ្តាល រួមទាំងការអភិវឌ្ឍជំនាញវិជ្ជាជីវៈដំបូង និងអប់រំបន្តសម្រាប់សមាជិកនៃ ម.ជ.ម. និងសមាជិកគាំទ្រស្របតាមច្បាប់ស្តីពីមជ្ឈត្តការពាណិជ្ជកម្ម អនុក្រឹត្យលេខ ១២៤ និងវិធានជាធរមានផ្សេងៗ
  • ផ្តល់យោបល់ជូនក្រុមប្រឹក្សាប្រតិបត្តិពាក់ព័ន្ធនឹងការទទួលស្គាល់ស្ថាប័នវិជា្ជជីវៈមជ្ឈត្តការផែ្នកពាណិជ្ជកម្ម កម្មវិធីអប់រំ និងកម្មវិធីបណ្តុះបណ្តាលនានា
  • បំពេញតួនាទីផ្សេងទៀតដែលក្រុមប្រឹក្សាប្រតិបត្តិអាចស្នើឡើង។

តួនាទីរបស់គណៈកម្មាធិការសមាជិកភាព

  • ពិនិត្យមើលពាក្យសុំចុះបញ្ជីសមាជិកភាពស្របតាមបទបញ្ជាផៃ្ទក្នុងនេះ និងបញ្ជូនពាក្យសុំនេះ ព្រមជាមួយយោបល់របស់ខ្លួនទៅកាន់ក្រុមប្រឹក្សាប្រតិបត្តិ
  • តាមសំណើរបស់ក្រុមប្រឹក្សាប្រតិបត្តិ ផ្ដល់យោបល់ចំពោះកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការសុំចុះបញ្ជីសមាជិកភាពក្រោមបទបញ្ជាផ្ទៃក្នុងនេះ​
  • បំពេញតួនាទីផ្សេងទៀតដែលក្រុមប្រឹក្សាប្រតិបត្តិអាចស្នើឡើង។

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក