នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានរៀបចំសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយសេវាសន្ធានកម្មរបស់ ម.ជ.ម." នៅអគារ ជី អាយ អេ។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកមជ្ឈត្តករ សាន គីរី ប្រធាននៃ ម.ជ.ម. រួមជាមួយនឹងការចូលរួមពីវាគ្មិនកិត្តិយសដែលសុទ្ធសឹងតែជាសន្ធានការីចុះបញ្ជីនៅ ម.ជ.ម. និងបានទទួលស្គាល់គុណវុឌ្ឍិដោយ Centre for Effective Dispute Resolution (CEDR) នៅទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស។ វាគ្មិនកិត្តិយសទាំងអស់បានចូលរួមក្នុងកិច្ចពិភាក្សា ក៏ដូចជាឆ្លើយទៅនឹងសំណួររបស់អ្នកចូលរួមពាក់ព័ន្ធទៅនឹងសេវាសន្ធានកម្មរបស់ ម.ជ.ម. ផងដែរ។
សិក្ខាសាលានេះ ក៏មានការចូលរួមពីតំណាងស្ថាប័នផ្សេងៗដូចជា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងសភាពាណិជ្ជកម្មជាតិ និងអន្តរជាតិ ព្រមទាំងតំណាងស្ថាប័នផ្សេងៗរួមមាន៖ ការិយាល័យមេធាវី សហគមន៍ធុរកិច្ច សមាគមច្បាប់ សាកលវិទ្យាល័យច្បាប់ ស្ថាប័នវិជ្ជាជីវៈ ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ម.ជ.ម. មានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណដល់វាគ្មិនកិត្តិយស ក៏ដូចជាអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ធ្វើអោយសិក្ខាសាលាមួយនេះប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយភាពរលូន។