“ម.ជ.ម. បានកើតចេញពីបំណងដែលចង់ពង្រីកវិសាលភាពនៃការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិដែលកំពុងមានការកើនឡើង ស្របតាមកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ការវិនិយោគបរទេសដើរតួនាតីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាកំណើននៃប្រតិបត្តិការពាណិជ្ជកម្មឆ្លងព្រំដែនផងដែរ។ អ្វីដែលសហគមន៍ធុរកិច្ចត្រូវការ គឺសមត្ថភាពដោះស្រាយវិវាទដែលកើតចេញពីប្រតិបត្តិការពាណិជ្ជកម្មទាំងនោះប្រកបដោយប្រសិទ្ធភាពតាមរយៈយន្តការដោះស្រាយវិវាទមួយដែលមានលក្ខណៈអព្យាក្រឹត្យ។
យន្តការមួយដែលអាចផ្ដល់ឱ្យគូភាគីនូវស្វ័យភាពក្នុងការជ្រើសរើសមធ្យោបាយដោះស្រាយវិវាទ សេរីភាពក្នុងការជ្រើសរើសបុគ្គលត្រឹមត្រូវដេលមានជំនាញបច្ចេកទេសច្បាស់លាស់ក្នុងការធ្វើសេចក្ដីសម្រេចលើវិវាទ និងសមត្ថភាពក្នុងការអនុម័តនីតិវិធីណាមួយដែលល្អបំផុតក្នុងការដោះស្រាយវិវាទរបស់គូភាគីដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃប្រតិបត្តិការពាណិជ្ជកម្មនីមួយៗ។ សមត្ថភាពដោះស្រាយវិវាទប្រកបដោយទំនុកចិត្ត និងការអនុវត្តសេចក្ដីសម្រេចដែលមានវិសាលភាពជាសកល ក៏មានសារៈសំខាន់ចំពោះសហគមន៍ អ្នកធុរកិច្ចផងដែរ។ ការប្រើប្រាស់យន្តការមជ្ឈត្តកម្ម គឺជាមធ្យោបាយឈានមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពាណិជ្ជកម្មនេះ។
ម.ជ.ម. បានយកចិត្តទុកដាក់ថា មិនមែនគ្រប់វិវាទពាណិជ្ជកម្មទាំងអស់ ចាំបាច់ត្រូវតែមានសេចក្ដីសម្រេចដែលមានលក្ខណៈចងកាត្វកិច្ចនោះទេ។ សន្ធានកម្ម គឺជាយន្តការដោះស្រាយវិវាទមួយផ្សេងទៀតដែលអាចផ្ដល់មធ្យោបាយដោះស្រាយវិវាទដែលកើតឡើងនៅក្នុងបរិបទទំនាក់ទំនងពាណិជ្ជកម្ម។
សន្ធានកម្ម គឺជាដំណើរការដោះស្រាយវិវាទក្រៅតុលាការដេលមានភាពបត់បែន ភាពសម្ងាត់ ប្រសិទ្ធភាព និងតម្លៃសមរម្យ ដែលភាគីទីបីជាបុគ្គលឯករាជ្យហៅថា “សន្ធានការី” ផ្ដល់ជំនួយដល់ភាគីវិវាទពីរឬច្រើន យល់កាន់តែច្បាស់អំពីបញ្ហា និងផលប្រយោជន៍របស់ពូកគេ ដើម្បីឈានរកកិច្ចព្រមព្រៀងសះជា។ សន្ធានការីផងដែរមិនមានសិទ្ធិអំណាចក្នុងការកំណត់ដំណោះស្រាយជូនដល់ភាគីនោះទេ។
ការបើកឱ្យដំណើរការសេវាសន្ធានកម្មពាណិជ្ជកម្មរបស់ ម.ជ.ម. នឹងផ្ដល់នូវជម្រើសមួយផ្សេងទៀតដើម្បីជួយដល់អាជីវកម្មក្នុងការដោះស្រាយវិវាទរបស់ពួកគេដោយចំណេញពេលវេលា និងចំណាយប្រកបដោយប្រសិទ្ធភាព។
ម.ជ.ម. នឹងបន្តខិតខំកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាស្ថាប័ន សម្រាប់ការដោះស្រាយវិវាទពាណិជ្ជកម្មទាំងមជ្ឈត្តកម្ម និងការសន្ធានកម្ម ក៏ដូចជាការផ្ដល់ជូននូវការគ្រប់គ្រងសំណុំរឿងដ៏ល្អ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។”.”