កាលពីថ្ងៃសៅរ៍ ០១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៣ ឆ្នាំ២០២៣ នៅសណ្ធាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ក្រោមអធិបតីភាពរបស់ លោកមជ្ឈត្តករ សូ មូស្សេ្ននី សមាជិកក្រុមប្រឹក្សាប្រតិបត្តិ របស់ ម.ជ.ម. តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម.។
ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះផងដែរ ត្រូវបានផ្តល់កិត្តិយសចូលរួមជាគណៈកម្មការដាក់ពិន្ទុ (វេទិកាមជ្ឈត្តកម្មនៃមជ្ឈត្តករបីរូប) រួមមាន៖
លោកជំទាវ សេង វួចហ៊ុន (ប្រធានវេទិកាមជ្ឈត្តកម្មប្រតិដ្ឋ)
លោកស្រីមជ្ឈត្តករ ស៉ីន គីមស៊ាន (សហមជ្ឈត្តករប្រតិដ្ឋ)
លោកមជ្ឈត្តករ កុយ នាម (សហមជ្ឈត្តករប្រតិដ្ឋ)
សូមជម្រាបជូនថា កម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្ម របស់ ម.ជ.ម. គឺជាកម្មវិធីមួយ ដែលអនុញ្ញាតឱ្យសាធារណៈជន ដែលមានចំណាប់អារម្មណ៍ក្នុងវិស័យមជ្ឈត្តការពាណិជ្ជកម្មទទួលបាននូវឱកាសក្នុងការដើរតួជាអ្នកតំណាងឱ្យគូភាគីក្នុងដំណើរការមជ្ឈត្តការប្រតិដ្ឋមួយនេះ។ កម្មវិធីប្រកួតនេះផងដែរ ក៏មានគោលបំណងក្នុងការជំរុញឱ្យមានការសិក្សាយល់ដឹង និងការប្រើប្រាស់ឱ្យកាន់តែប្រសើរឡើងនូវយន្តការមជ្ឈត្តការ ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។