កាលពីថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានរៀបចំកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំលើកទី១០ នៅសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពរបស់លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម. ដោយមានការចូលរួមពីសំណាក់សមាជិកជាមជ្ឈត្តករ និងសមាជិកជានីតិបុគ្គលដែលអញ្ជើញមកពីសមាគមពាណិជ្ជកម្ម និងសមាគមវិជ្ជាជីវៈនានា។
ម.ជ.ម. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃ ព្រមទាំងការគាំទ្រ ក្នុងការចូលរួមមហាសន្និបាត និងបានផ្តល់ជាធាតុចូលល្អៗ ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលឱ្យរីកចម្រើនទៅមុខប្រកបដោយចីរភាព។
ក្នុងឱកាសនេះ លោកប្រធាន ក៏បានប្រគល់ជូនលិខិតថ្លែងអំណរគុណ ជូនទៅកាន់លោកមជ្ឈត្តករ ញាន សុមុន្និន្ទ សមាជិកក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី៤ ដែលបានរួមចំណែកក្នុងការដឹកនាំ ម.ជ.ម. កន្លងមក។សូមជម្រាបផងដែរថាអាណត្តិរបស់លោកមជ្ឈត្តករជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី៤ត្រូវបានបញ្ចប់បន្ទាប់ពីមហាសន្និបាតលើកទី១០ នេះ។ ម.ជ.ម. សូមជូនពរលោកមជ្ឈត្តករ ញាន សុមុន្និន្ទ ជួបប្រទះតែសេចក្ដីសុខ និងសម្រេចរាល់ភារកិច្ចការងារ។