“មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម គឺជា ទ្រព្យមួយរបស់ជាតិ” ប្រសាសន៍ដ៏មានអត្ថន័យរបស់ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម។
នៅព្រឹកថ្ងៃពុធ ១៤ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មបានប្រារព្វពិធីអបអរសាទរខួបគម្រប់១០ឆ្នាំth នៃការបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅសណ្ឋារគារ Hyatt Regency ។
ពិធីអបអរសាទរខួបគម្រប់១០ឆ្នាំth នៃការបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និង លោកមជ្ឈត្តករ សាន គីរី ប្រធាននៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ព្រមទាំងមានវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់នៃ ម.ជ.ម. ជាភ្ញៀវកិត្តិយស។
ក្នុងនោះផងដែរក៏មានការចូលរួមពី សមាជិក ម.ជ.ម. ទាំងរូបវន្តបុគ្គល និងនីតិបុគ្គល ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធផ្សេងៗរួមមាន៖ សាលាដំបូងរាជធានីភ្នំពេញ តុលាការកំពូល មជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិហុងកុង បណ្តាសមាគម ស្ថាប័នអប់រំ ការិយាល័យមេធាវី សមាគមនអ្នកច្បាប់ និងសមាគមនធុរកិច្ចពាក់ព័ន្ធជាច្រើនទៀតផងដែរ។
កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្នុង គោលបំណងអបអរសាទរ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាប្រតិបត្តិគ្រប់អាណត្តិ សមាជិក ម.ជ.ម. ទាំងរូបវន្តបុគ្គល និងនីតិបុគ្គល និងស្ថាប័នពាក់ពព័ន្ធដែលបានជួយ កសាង និងគាំទ្រមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មអោយក្លាយជាស្ថាប័នដែលមានសមត្ថភាពក្នុងការផ្តល់ជូនសហគមន៍ពាណិជ្ជករនូវយន្តការដោះស្រាយវិវាទពាណិជ្ជកម្មមួយក្រៅប្រព័ន្ធតុលាការដែលប្រកបដោយប្រសិទ្ធភាព។