ខណៈពេលដែលយន្តការមជ្ឈត្តការត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាយន្តការដោះស្រាយវិវាទដែលពេញនិយម ការធ្វើសន្ធានកម្មក៏ត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងអំពីប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទដែលមានលក្ខណៈក្រៅផ្លូវការ ចំណាយតិច និងឆាប់រហ័ស។ នៅមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) សេវាសន្ធានកម្មគឺដោះស្រាយវិវាទដែលមានតតិយជនអព្យាក្រឹត្យជួយអ្នកចូលរួមចំនួនពីរ ឬច្រើនរូបឱ្យបានយល់ពីចំណុចវិវាទ ផលប្រយោជន៍ និងតម្រូវការរបស់ពួកគេឱ្យកាន់តែច្បាស់ ហើយផ្ដល់លទ្ធភាពរបស់ពួកគេក្នុងការស្វែងរកចំណុចរួមចជពោះភាពខុសគ្នារបស់ពួកគេតាមរយៈកិច្ចព្រមព្រៀងដោយស្ម័គ្រចិត្ត។ យន្តការនេះផងដែរ គឺមានអត្ថប្រយោជន៍ជាពិសេសសម្រាប់អាជីវកម្មដែលមានបំណងក្នុងការដោះស្រាយវិវាទដោយការរក្សាទំនាក់ទំនង និងការយោគយល់គ្នាទៅវិញទៅមកជាជាងលទ្ធផលឈ្នះចាញ់។
សន្ធានកម្មនៅ ម.ជ.ម. ត្រូវបានរៀបចំឡើងដើម្បីឱ្យមានភាពបត់បែន និងឆ្លើយតបទៅនឹងតម្រូវការរបស់ភាគីវិវាទ។ ការធ្វើឡើងដោយមានការសម្ងាត់ អនុញ្ញាតឱ្យមានការសន្ទនាដោយបើកចំហ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលមិនអាចធ្វើបានក្នុងដំណើរការផ្លូវការ។ លើសពីនេះទៅទៀត សន្ធានកម្មអាចធ្វើឡើងក្នុងភាសាណាមួយដែលភាគីវិវាទជ្រើសរើស រួមទាំងភាសាខ្មែរ ដែលធ្វើឱ្យសន្ធានកម្មជាជម្រើសដែលអាជីវកម្មក្នុងស្រុកអាចយកមកប្រើប្រាស់សម្រាប់ដោះស្រាយវិវាទពាណិជ្ជកម្ម។ តាមរយៈការជ្រើសរើសសេវាសន្ធានកម្មនៅ ម.ជ.ម. អាជីវកម្មទទួលបានអត្ថប្រយោជន៍ពីដំណើរការឆាប់សហ័ស មានប្រសិទ្ធភាព និងផ្ដោតលើការសម្រេចបាននូវដំណោះស្រាយដែលភាគីវិវាទទាំងអស់អាចទទួលយកបាន។