ដើម្បីក្លាយជាសន្ធានការី

លក្ខណសម្បត្តិរបស់សន្ធានការី

លក្ខណសម្បត្តិសម្រាប់ចុះបញ្ជីជាសន្ធានការីក្នុងបញ្ជីសន្ធានការីរបស់ ម.ជ.ម. ("បញ្ជីសន្ធានការី") មានដូចខាងក្រោម៖

  • មានអាយុយ៉ាងតិច ៣០ (សាមសិប) ឆ្នាំ ឬមានបទពិសោធន៍យ៉ាងតិច ៥ (ប្រាំ) ឆ្នាំនៅក្នុងវិស័យធុរៈកិច្ច ឬការងារវិជ្ជាជីវៈ
  • មានសញ្ញាបត្របរិញ្ញាបត្រជំនាញណាមួយ ដែលបញ្ចប់ពីមហាវិទ្យាល័យណាមួយក្នុងប្រទេសកម្ពុជា ឬនៅបរទេស
  • បានឆ្លងកាត់វគ្គបណ្តុះបណ្តាលផ្សេងៗផ្នែកសន្ធានកម្មពាណិជ្ជកម្ម ដែលរៀបចំដោយ ម.ជ.ម. ឬវគ្គបណ្តុះបណ្តាលដែលរៀបចំដោយស្ថាប័នវិជ្ជាជីវៈសន្ធានកម្មផ្នែកពាណិជ្ជកម្មណាមួយ ដែលទទួលស្គាល់ដោយ ម.ជ.ម. និង
  • បានប្រឡងជាប់ការប្រឡងដើម្បីបានការទទួលស្គាល់គុណវុឌ្ឍិ ដែលរៀបចំដោយ ម.ជ.ម. ឬដោយស្ថាប័នវិជ្ជាជីវៈសន្ធានកម្មផ្នែកពាណិជ្ជកម្មណាមួយ ដែលត្រូវបានទទួលស្គាល់ដោយ ម.ជ.ម. ។

សន្ធានការីមិនត្រូវ៖

  • ជាមន្ត្រីរាជការ ឬស្ថិតក្នុងឋានានុក្រមជាមន្ត្រីនៃស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិបញ្ញត្តិ ឬតុលាការ។
  • មានការកើតឡើង ឬជាប់ពាក់ព័ន្ធ នូវករណីណាមួយដែលបានកំណត់នៅក្នុងប្រការ ៥ ខាងក្រោម ។

ការចុះបញ្ជីជាសន្ធានការី

  • បេក្ខជនត្រូវដាក់ពាក្យសុំពេញលេញ ព្រមជាមួយព័ត៌មានលម្អិតសម្រាប់ការទាក់ទងជូនទៅ ម.ជ.ម. ដោយប្រើប្រាស់ទម្រង់ពាក្យសុំចុះបញ្ជីជាសន្ធានការីរបស់ ម.ជ.ម. ព្រមជាមួយឯកសារផ្សេងៗ ដែលបង្ហាញថាបេក្ខជនបានបំពេញលក្ខណសម្បត្តិដែលបានរៀបរាប់ខាងលើ និងភស្តុតាងនៃការបង់ប្រាក់ កម្រៃសេវានៃការដាក់ពាក្យសុំ ដែលត្រូវបានកំណត់ដោយក្រុមប្រឹក្សាប្រតិបត្តិ ម.ជ.ម. ។
  • ក្នុងកំឡុងពេល ៣០ (សាមសិប) ថ្ងៃប្រតិទិន បន្ទាប់ពីបានទទួលការដាក់ពាក្យសុំពេញលេញរួចមកគណៈកម្មាធិការសមាជិកភាព ម.ជ.ម. នឹងវិភាគ និងពិនិត្យមើលពាក្យសុំ បន្ទាប់មកបញ្ជូនយោបល់របស់ខ្លួនទៅក្រុមប្រឹក្សាប្រតិបត្តិ ម.ជ.ម. ដើម្បីសម្រេចចុងក្រោយ។ ក្រុមប្រឹក្សាប្រតិបត្តិ ម.ជ.ម. ត្រូវសម្រេច និងជូនដំណឹងដល់បេក្ខជនជាលាយលក្ខណ៍អក្សរអំពីការសម្រេចរបស់ខ្លួនចំពោះពាក្យសុំចុះបញ្ជីនេះ ក្នុងកំឡុងពេល ៦០ (ហុកសិប) ថ្ងៃប្រតិទិន បន្ទាប់ពីបានទទួលការដាក់ពាក្យសុំ។ ប្រសិនបើចាំបាច់ ក្រុមប្រឹក្សាប្រតិបត្តិ ម.ជ.ម. អាចពន្យារពេលរហូតដល់ ១២០ (មួយរយម្ភៃ) ថ្ងៃប្រតិទិនបន្ទាប់ពីថ្ងៃបានទទួលពាក្យសុំដើម្បីផ្តល់ដំណឹងដល់បេក្ខជន ថាតើបេក្ខជននោះបានបំពេញលក្ខណសម្បត្តិដែរឬទេ។
  • ប្រសិនបើបេក្ខជនមិនបំពេញលក្ខណសម្បត្តិតម្រូវសម្រាប់ការចុះបញ្ជីទេនោះ ក្រុមប្រឹក្សាប្រតិបត្តិម.ជ.ម. ត្រូវជូនដំណឹងដោយភ្ជាប់មូលហេតុទៅបេក្ខជនអំពីបញ្ហានេះ និងទុករយៈពេល ៣០ (សាមសិប) ថ្ងៃប្រតិទិន សម្រាប់ឱ្យបេក្ខជនផ្តល់ឯកសារបន្ថែមដើម្បីបង្ហាញថា បេក្ខជនពិតជាមានលក្ខណសម្បត្តិគ្រប់គ្រាន់ដូចដែលតម្រូវសម្រាប់ការចុះបញ្ជីនោះមែន។ ក្នុងកំឡុងពេល ៣០ (សាមសិប) ថ្ងៃប្រតិទិន បន្ទាប់ពីបានទទួលឯកសារទាំងនោះ ក្រុមប្រឹក្សាប្រតិបត្តិ ម.ជ.ម. ត្រូវផ្តល់ដំណឹងដល់បេក្ខជនអំពីសេចក្ដីសម្រេចចុងក្រោយរបស់ខ្លួន។
  • សេចក្ដីសម្រេចចុះបញ្ជីជាសន្ធានការីក្នុងបញ្ជីសន្ធានការីនោះគឺជាឆន្ទានុសិទ្ធិរបស់ ម.ជ.ម.។ នេះគឺជាសេចក្ដីសម្រេចមួយដែលធ្វើការពិចារណាទៅលើចំនួនសន្ធានការីដែលមានក្នុងបញ្ជី ប្រភេទសំណុំរឿងផ្សេងៗដែលបានដាក់មក ម.ជ.ម. ភាពចម្រុះ និងវិស័យផ្សេងៗដែលកំពុងមានតម្រូវការ។
  • ប្រសិនបើក្រុមប្រឹក្សាប្រតិបត្តិម.ជ.ម. សម្រេចថាបេក្ខជនបំពេញតាមលក្ខណសម្បត្តិ អគ្គលេខាធិការ នឹងជូនដំណឹងទៅបេក្ខជន ដើម្បីឱ្យបេក្ខជនធ្វើការបង់ភាគទានប្រចាំឆ្នាំគ្រប់ចំនួនដែលត្រូវអនុវត្តចំពោះសន្ធានការីចុះបញ្ជីនៅ ម.ជ.ម.។ ក្រុមប្រឹក្សាប្រតិបត្តិ ម.ជ.ម. ត្រូវធានាថាអគ្គលេខាធិការដ្ឋានចុះបញ្ជីបេក្ខជន ជាសន្ធានការីក្នុងបញ្ជីសន្ធានការី ដោយមានអានុភាពចាប់ពីថ្ងៃទីមួយនៃខែ បន្ទាប់ពីបានទទួលការបង់ភាគទានរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំដដែល។ អគ្គលេខាធិការដ្ឋានត្រូវជូនដំណឹងដល់បេក្ខជនអំពីការចុះបញ្ជីនេះ។
  • មានតែសន្ធានការីដែលបានចុះបញ្ជីនៅក្នុងបញ្ជីសន្ធានការីរបស់ ម.ជ.ម. ប៉ុណ្ណោះដែលទទួលបានសិទ្ធិប្រើប្រាស់ងារជា"សន្ធានការីចុះបញ្ជីនៅ ម.ជ.ម.”។ ក្នុងករណីដែលសន្ធានការីដែលបានចុះបញ្ជីនៅ ម.ជ.ម. ខកខានក្នុងការបំពេញលក្ខខណ្ឌរបស់ ម.ជ.ម. សម្រាប់ការចុះឈ្មោះ ការប្រើប្រាស់ងារជាសន្ធានការីចុះបញ្ជីនៅ ម.ជ.ម. នឹងត្រូវបានបញ្ចប់ ហើយព័ត៌មានអំពីប្រវត្តិរូបរបស់សន្ធានការីនឹងលែងមាននៅលើគេហទំព័ររបស់ ម.ជ.ម.។

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក