រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣៖ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា (ម.ជ.ម.មានកិត្តិយសសូមជម្រាបជូន សមាជិករបស់ ម.ជ.ម. និងសាធារណជនឱ្យបានជ្រាបថា៖
ម.ជ.ម. បានរៀបចំ “ពិធីដាក់ឱ្យដំណើរការនូវសេវាសន្ធានកម្មពាណិជ្ជកម្មរបស់ ម.ជ.ម.” ដោយមានការគាំទ្រពី សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគ្រីត្រា។
ដោយមានអ្នកចូលរួមប្រមាណ ១២០ រូប រួមមានសមាជិករបស់ ម.ជ.ម. សហគមន៍ធុរកិច្ច សហគមន៍អ្នកច្បាប់ ព្រមទាំងអាជ្ញាធររដ្ឋភិបាលពាក់ព័ន្ធផ្សេងទៀតបានចូលរួមក្នុងកម្មពិធីដាក់ឱ្យដំណើរការនូវសេវាសន្ធានកម្ម។ ម.ជ.ម. ចាប់ពីថ្ងៃបើកដំណើរការនេះអាចផ្ដល់នូវសេវាកម្មសន្ធានកម្ម ដើម្បីជួយអាជីវកម្មឈានដល់ការដោះស្រាយវិវាទពាណិជ្ជកម្ម ដែលចំណេញពេលវេលា និងការចំណាយប្រកបដោយប្រសិទ្ធភាព។
លោកមជ្ឈត្តករ សាន គិរី ប្រធាន ម.ជ.ម. មានប្រសាសន៍ថា៖
“ម.ជ.ម. បានកើតចេញពីបំណងដែលចង់ពង្រីកវិសាលភាពនៃការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិដែលកំពុងមានការកើនឡើង ស្របតាមកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ការវិនិយោគបរទេសដើរតួនាតីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាកំណើននៃប្រតិបត្តិការពាណិជ្ជកម្មឆ្លងព្រំដែនផងដែរ។ អ្វីដែលសហគមន៍ធុរកិច្ចត្រូវការ គឺសមត្ថភាពដោះស្រាយវិវាទដែលកើតចេញពីប្រតិបត្តិការពាណិជ្ជកម្មទាំងនោះប្រកបដោយប្រសិទ្ធភាពតាមរយៈយន្តការដោះស្រាយវិវាទមួយដែលមានលក្ខណៈអព្យាក្រឹត្យ។
យន្តការមួយដែលអាចផ្ដល់ឱ្យគូភាគីនូវស្វ័យភាពក្នុងការជ្រើសរើសមធ្យោបាយដោះស្រាយវិវាទ សេរីភាពក្នុងការជ្រើសរើសបុគ្គលត្រឹមត្រូវដេលមានជំនាញបច្ចេកទេសច្បាស់លាស់ក្នុងការធ្វើសេចក្ដីសម្រេចលើវិវាទ និងសមត្ថភាពក្នុងការអនុម័តនីតិវិធីណាមួយដែលល្អបំផុតក្នុងការដោះស្រាយវិវាទរបស់គូភាគីដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃប្រតិបត្តិការពាណិជ្ជកម្មនីមួយៗ។ សមត្ថភាពដោះស្រាយវិវាទប្រកបដោយទំនុកចិត្ត និងការអនុវត្តសេចក្ដីសម្រេចដែលមានវិសាលភាពជាសកល ក៏មានសារៈសំខាន់ចំពោះសហគមន៍ អ្នកធុរកិច្ចផងដែរ។ ការប្រើប្រាស់យន្តការមជ្ឈត្តកម្ម គឺជាមធ្យោបាយឈានមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពាណិជ្ជកម្មនេះ។
ម.ជ.ម. បានយកចិត្តទុកដាក់ថា មិនមែនគ្រប់វិវាទពាណិជ្ជកម្មទាំងអស់ ចាំបាច់ត្រូវតែមានសេចក្ដីសម្រេចដែលមានលក្ខណៈចងកាត្វកិច្ចនោះទេ។ សន្ធានកម្ម គឺជាយន្តការដោះស្រាយវិវាទមួយផ្សេងទៀតដែលអាចផ្ដល់មធ្យោបាយដោះស្រាយវិវាទដែលកើតឡើងនៅក្នុងបរិបទទំនាក់ទំនងពាណិជ្ជកម្ម។
សន្ធានកម្ម គឺជាដំណើរការដោះស្រាយវិវាទក្រៅតុលាការដេលមានភាពបត់បែន ភាពសម្ងាត់ ប្រសិទ្ធភាព និងតម្លៃសមរម្យ ដែលភាគីទីបីជាបុគ្គលឯករាជ្យហៅថា “សន្ធានការី” ផ្ដល់ជំនួយដល់ភាគីវិវាទពីរឬច្រើន យល់កាន់តែច្បាស់អំពីបញ្ហា និងផលប្រយោជន៍របស់ពូកគេ ដើម្បីឈានរកកិច្ចព្រមព្រៀងសះជា។ សន្ធានការីផងដែរមិនមានសិទ្ធិអំណាចក្នុងការកំណត់ដំណោះស្រាយជូនដល់ភាគីនោះទេ។
ការបើកឱ្យដំណើរការសេវាសន្ធានកម្មពាណិជ្ជកម្មរបស់ ម.ជ.ម. នឹងផ្ដល់នូវជម្រើសមួយផ្សេងទៀតដើម្បីជួយដល់អាជីវកម្មក្នុងការដោះស្រាយវិវាទរបស់ពួកគេដោយចំណេញពេលវេលា និងចំណាយប្រកបដោយប្រសិទ្ធភាព។
ម.ជ.ម. នឹងបន្តខិតខំកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាស្ថាប័ន សម្រាប់ការដោះស្រាយវិវាទពាណិជ្ជកម្មទាំងមជ្ឈត្តកម្ម និងការសន្ធានកម្ម ក៏ដូចជាការផ្ដល់ជូននូវការគ្រប់គ្រងសំណុំរឿងដ៏ល្អ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។”.”
“ការដាក់ឱ្យដំណើរការសេវាសន្ធានកម្មពាណិជ្ជកម្ម គឺជាលទ្ធផលដែលកើតចេញពីការសហការជាច្រើនឆ្នាំរវាង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ក្នុងគោលបំណងលើកកម្ពស់យន្តការដោះស្រាយវិវាទពាណិជ្ជកម្ម និងវិវាទដែលពាក់ព័ន្ធនឹងបំណុល ក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព។ ខណៈពេលដែលវិស័យធុរកិច្ចនៅកម្ពុជាកំពុងឆ្លងកាត់បញ្ហាប្រឈមផ្សេងៗ អំឡុងពេលមានវិបត្តិសកល ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព និងផ្ដល់នូវទំនុកចិត្តដល់វិស័យឯកជននៅក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម ការបង្កើតប្រាក់ចំណូល និងការបង្កើតការងារ។ ការមានជម្រើសទៅលើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងជួយជម្រុញវិនិយោគ និងកំណើនសេដ្ឋកិច្ចក្នុងប្រទេស។”
អំពី ម.ជ.ម.
ម.ជ.ម. ជាស្ថាប័នឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងដោយច្បាប់ស្ដីពីមជ្ឈត្តការពាណិជ្ជកម្មឆ្នាំ២០០៦។ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ម.ជ.ម មានបេសកកម្ម ផ្ដល់ជូននូវការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការប្រកបដោយអព្យាក្រឹតភាព និងប្រសិទ្ធភាព។ នាពេលបច្ចុប្បន្ន មានមជ្ឈត្តករច្រើនជាង ៧០ (ចិតសិប) រូប មានសញ្ជាតិផ្សេងៗគ្នាត្រូវបានចុះបញ្ជីជាមជ្ឈត្តករនៅ ម.ជ.ម.។ ចាប់តាំងពីការចាប់ផ្ដើមដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៣ មក ម.ជ.ម. បានទទួល និងចាត់ចែងសំណុំរឿងចំនួន ៣៨ (សាមសិបប្រាំបី) ដែលមានទំហំវិវាទប្រហែល ១០០ (មួយរយ) លានដុល្លារអាមេរិក។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ +៨៥៥ (០) ៩៦ ៨៨៨ ៥៣៣៣ ឬតាមសារអេឡិចត្រូនិច info@ncac.org.kh press@ncac.org.kh.