កិច្ចប្រជុំជាមួយសមាជិកស្ថាបនិកជានីតិបុគ្គល របស់ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.)


នាថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ម.ជ.ម. បានរៀបចំកិច្ចប្រជុំជាមួយសមាជិកស្ថាបនិកជានីតិបុគ្គលរបស់ ម.ជ.ម. រួមមាន:

  1. សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា
  2. សភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា
  3. សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា
  4. សមាគមរោងចក្រកាត់ដេរនៅកម្ពុជា
  5. គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
  6. សភាពាណិជ្ជកម្មអាមេរិចកាំងនៅកម្ពុជា
  7. សភាពាណិជ្ជកម្មកម្ពុជា
  8. សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា
  9. សមាគមក្រុមហ៊ុនកម្ពុជាស្វែងរករ៉ែ និងសិក្សាស្រាវជ្រាវ

កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញពីបណ្តាសមាជិកជានីតិបុគ្គល ប្រកបដោយភាពស្និលស្នាល។ លោកប្រធាន ប៊ុន យូឌី បានបង្ហាញដល់សមាជិក អំពីវឌ្ឍនភាពរបស់ស្ថាប័ន រួមទាំងស្ថិតិសំណុំរឿង ស្ថិតិនៃការទទួលស្គាល់ និងអនុវត្តមជ្ឈត្តវិនិច្ឆ័យរបស់ម.ជ.ម. និងផែនការសកម្មភាពសំខាន់ៗ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនភាពស្និតស្នាលរវាងម.ជ.ម. និងបណ្តាសមាជិក។ បន្ថែមពីនេះ កិច្ចប្រជុំក៏បានប្រមូលធាតុចូលពីសមាជិកជានីតិបុគ្គល ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ព្រមទាំងគំនិតយុទ្ធសាស្រ្តនានាដើម្បីអភិវិឌ្ឍស្ថាប័ន និងវិស័យមជ្ឈត្តការនៅកម្ពុជាឲ្យកាន់តែប្រសើឡើង។

ម.ជ.ម. សូមថ្លែងអំណរគុណដល់សមាជិកនីតិបុគ្គលទាំងអស់ដែលបានចូលរួមចំណែកនៅក្នុងបេសកម្មរបស់ ម.ជ.ម. ក្នុងការផ្តល់សេវាកម្ម ផ្សព្វផ្សាយ និងធានាគុណភាពក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មតាមយន្តការមជ្ឈត្តការ នៅកម្ពុជាប្រកបដោយប្រសិទ្ធិភាព និងភាពឆាប់រហ័ស។


វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក