នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ក្រោមអធិបតីភាពរបស់លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធាន ម.ជ.ម. បានដឹកនាំសមាជិកក្រុមប្រឹក្សាប្រតិបត្តិដែលមានលោកមជ្ឈត្តករ ប៊ិន សម្បត្តិថារ័ត្ន និងលោកស្រីមជ្ឈត្តករ ខេត ឈិន រួមជាមួយនឹងក្រុមការងារអគ្គលេខាធិការដ្ឋាននៃ ម.ជ.ម. ពិភាក្សាការងារជាមួយ មជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិហុងកុង ដែលតំណាងដោយលោកស្រី Kiran SANGHERA ជាអគ្គលេខាធិការរងនៃមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិហុងកុង ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ (ZOOM Platform)។
នៅក្នុងកិច្ចពិភាក្សានេះ តំណាងនៃស្ថាប័នទាំងពីរបានពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការកន្លងមក និងការគាំទ្រពីមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិហុងកុង ជាពិសេសគឺការគាំទ្រមកកាន់កម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មរបស់ ម.ជ.ម. តាំងពីដើម មកទល់បច្ចុប្បន្ននេះ។ ការគាំទ្ររបស់មជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិហុងកុងមកកាន់ ម.ជ.ម. បានក្លាយជាចំណែកមួយក្នុងការចូលរួមលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបង្កើននូវសមទ្ធផលជាច្រើនដែលជាប្រយោជន៍ដល់វិស័យច្បាប់នៅកម្ពុជា។ ការគាំទ្រនេះក៏បានរក្សានូវទំនាក់ទំនង និងសម្ព័ន្ធភាពរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពស្អិតរមួត។ បន្ថែមពីនេះ លោកប្រធានក៏បានណែនាំអំពីសមាជិកក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី៥ផងដែរ។
ម.ជ.ម. សូមសម្តែងនូវការថ្លែងអំណរគុណចំពោះសម្ព័ន្ធភាព និងកិច្ចសហការកន្លងមករវាងស្ថាប័នទាំងពីរ។