សារពីប្រធាន ម.ជ.ម.

សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម

សូមស្វាគមន៍ពីមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.)

ជាដំបូង ខ្ញុំបាទសូមសម្តែងនូវការថ្លែងអំណរគុណ និងការគោរពយ៉ាងស្មោះស្ម័គ្រចំពោះស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលតែងតែចូលរួមចំណែកគាំទ្រដល់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.)។ ស្ថាប័នសំខាន់ៗទាំងអស់រួមមានដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងយុត្តិធម៌ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិសិង្ហបុរី មជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិហុងកុង ស្ថាប័នសំខាន់ៗនានាជាច្រើនទៀត សមាជិក ម.ជ.ម. និងក្រុមការងារនៃ ម.ជ.ម. ទាំងអស់។ សមទ្ធិផលរបស់ ម.ជ.ម. នាពេលបច្ចុប្បន្ននេះ បានមកពីកិច្ចសហប្រតិបត្តិការ ការគាំទ្រយ៉ាងសកម្ម និងការជ្រុមជ្រែងពីអ្នកទាំងអស់គ្នា។

ក្នុងនាមជាប្រធាននៃ ម.ជ.ម. ដែលបានជាប់ឈ្មោះពីការបោះឆ្នោត ខ្ញុំបាទមានកិត្តិយស និងសេចក្តីសោមនស្សរីករាយជាខ្លាំងនូវទំនួលខុសត្រូវនេះ ដែលអាចឱ្យខ្ញុំចូលរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័នមួយនេះ។

ក្នុងនាមជាស្ថាប័នមួយរបស់កម្ពុជា ដែលផ្តល់នូវយន្តការការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាពិសេស មជ្ឈត្តការ និងសន្ធានកម្ម ម.ជ.ម. នៅតែប្រកាន់ខ្ជាប់នូវបេសកកម្មរបស់ខ្លួនក្នុងការផ្តល់សេវាមជ្ឈត្តការ និងសន្ធានកម្ម ប្រកបដោយឯករាជ្យភាព ប្រសិទ្ធភាព និងមិនលំអៀង ដើម្បីជំរុញផ្នែកធុរកិច្ចដែលកំពុងរីកចម្រើនរបស់ប្រទេស និងធ្វើទំនើបកម្មការដោះស្រាយវិវាទនៅកម្ពុជា។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ យើងបានឃើញការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់នៅក្នុងទិដ្ឋភាពមជ្ឈត្តការ ទាំងក្នុងតំបន់ និងសកលលោក។ ជាការឆ្លើយតប ម.ជ.ម. បានវិវឌ្ឍខ្លួនជាបន្តបន្ទាប់ដោយការពង្រឹងក្របខ័ណ្ឌស្ថាប័នរបស់យើង ពង្រីកសមាជិកមជ្ឈត្តករដែលមានសមត្ថភាព និងពង្រឹងការចូលរួមជាមួយសហគមន៍ផ្នែកច្បាប់ និងធុរកិច្ចនៅក្នុងប្រទេស កម្ពុជា និងអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើង ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាព ភាពជឿជាក់ និងការប្រើប្រាស់វិស័យមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅកម្ពុជា។

ជាចុងក្រោយ ក្នុងនាមខ្ញុំបាទជាប្រធាន ខ្ញុំយកឱកាសនេះ ដើម្បីអភិវឌ្ឍ និងពង្រឹងយន្តការការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាបន្ថែមទៀត ដើម្បីជម្រុញយន្តការនេះឱ្យមានភាពជឿនលឿន និងមានការទទួលស្គាល់យ៉ាងទូលំទូលាយ។ យើងទាំងអស់គ្នារួមគ្នាពង្រឹង បង្កើនភាពងាយស្រួល និងធ្វើឱ្យអាជីវកម្មនៅកម្ពុជាកាន់តែរីកចម្រើន។

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក