ការបណ្តុះបណ្តាល

បេសកកម្មមួយក្នុងចំណោមបេសកកម្មផ្សេងទៀតរបស់​ ម.ជ.ម. គឺធានាឱ្យបានថាសេវាមជ្ឈត្តកម្មដែលមានគុណភាពខ្ពស់ ត្រូវបានផ្តល់ឱ្យនៅព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យម.ជ.ម.កំណត់ស្តង់ដារគុណវុឌ្ឍិរបស់មជ្ឈត្តករ។ ម.ជ.ម. ផ្តល់នូវវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីបង្កើនចំនួនមជ្ឈត្តករ និងលើកកម្ពស់គុណភាពនៃមជ្ឈត្តករម្នាក់ៗនៅក្នុងប្រទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ និងចង់បង្កើនចំណេះដឹងឲ្យបាន​ស៊ីជម្រៅទៅលើវិស័យមជ្ឈត្តការ ព្រមទាំងមានបំណងចង់ប្រកបវិជ្ជាជីវៈជាមជ្ឈត្តករ នៅ ម.ជ.ម. ។ វគ្គបណ្ដុះបណ្ដាលមជ្ឈត្តករ មានបីកម្រិត៖

  • កម្រិតបឋម
  • កម្រិតមធ្យម
  • កម្រិតឧត្តម

កម្រិតបឋម៖

វគ្គបណ្ដុះបណ្ដាលកម្រិតបឋម ពន្យល់នូវទិដ្ឋភាពទូទៅរបស់មជ្ឈត្តការ មុននឹងផ្តោតទៅលើប្រធានបទផ្សេងៗទៀតដូចជាមជ្ឈត្តករ និងដំណើរការមជ្ឈត្តកម្មជាដើម។ ក្រោយពីឆ្លងកាត់វគ្គនេះដោយជោគជ័យ សិក្ខាកាមនឹងយល់ច្បាស់អំពីមជ្ឈត្តការ គោលការណ៍អនុវត្តក្នុងដំណើការមជ្ឈត្តកម្ម លក្ខណៈសម្បត្តិរបស់មជ្ឈត្តករ (រួមទាំងតួនាទី)​ និងដំណាក់កាលនីតិវិធីដែលពាក់ពន្ធ័នឹងដំណើរការមជ្ឈត្តកម្ម ចាប់តាំងពីការបង្កើតកិច្ចព្រមព្រៀងផ្សះផ្សារហូតដល់ការអនុវត្តមជ្ឈត្តវិនិច្ឆ័យ។

វគ្គបណ្ដុះបណ្ដាលកម្រិតបឋមមាន ៥ម៉ូឌុល៖

  • ម៉ូឌុល ១៖ សេចក្ដីផ្ដើមអំពីមជ្ឈត្តការ
  • ម៉ូឌុល ២៖ ច្បាប់ វិធានស្ដីពីមជ្ឈត្តការ និងកិច្ចព្រមព្រៀងផ្សះផ្សា
  • ម៉ូឌុល ៣៖ មជ្ឈត្តករ និងការចាប់ផ្ដើមមជ្ឈត្តការ
  • ម៉ូឌុល ៤៖ ដំណើរការមជ្ឈត្តកម្ម
  • ម៉ូឌុល ៥៖ មជ្ឈត្តវិនិច្ឆ័យ

កម្រិតមធ្យម៖

ចំណែកឯវគ្គបណ្ដុះបណ្ដាលកម្រិតមធ្យមវិញផ្ដល់នូវចំណេះដឹង នឹង​ជំនាញដែលចាំបាច់សម្រាប់មជ្ឈត្តករក្នុងការគ្រប់គ្រង និងដំណើរការមជ្ឈត្តការអោយបានពេញលេញ។​ សិក្ខាកាមដែលទទួលបានជោគជ័យក្នុងការសិក្សាវគ្គនេះនឹងទទួលបាននូវចំណេះដឹង និងជំនាញមូលដ្ឋានដែលសំខាន់ៗសម្រាប់ក្លាយខ្លួនជាសមាជិកមជ្ឈត្តកររបស់ ម.ជ.ម.។

វគ្គបណ្ដុះបណ្ដាលកម្រិតមធ្យមមាន ៥ម៉ូឌុល៖

  • ម៉ូឌុល ១៖ កិច្ចព្រមព្រៀងផ្សះផ្សា និងការចាប់ផ្ដើមនីតិមជ្ឈត្តការ
  • ម៉ូឌុល ២៖ ការរៀបចំដំណើការមជ្ឈត្តកម្ម
  • ម៉ូឌុល ៣៖ សវនាការ
  • ម៉ូឌុល ៤៖ មជ្ឈត្តវិនិច្ឆ័យ
  • ម៉ូឌុល ៥៖ ការតាក់តែងមជ្ឈត្តវិនិច្ឆ័យ

កម្រិតឧត្តម៖

ចំពោះវគ្គបណ្ដុះបណ្ដាលកម្រិតឧត្តម អនុញ្ញាតឲ្យសិក្ខាកាមទាំងអស់ទទួលបាននូវឱកាសដើម្បីចូលរួមក្នុងដំណាក់ការមជ្ឈត្តការប្រតិដ្ឋដែលអាចឲ្យសិក្ខាកាមអនុវត្តនូវជំនាញ និងចំណេះដឹងរបស់ខ្លួនក៍ដូចជាធ្វើការបញ្ចេញនូវសមត្ថភាពដែលទទួលបានពីការបណ្ដុះបណ្ដាលនៃវគ្គបណ្តុះបណ្ដាលកម្រិតបឋម និងកម្រិតមធ្យមកន្លងមក។ សិក្ខាកាមទាំងអស់នឹងទទួលបាន​ នូវការចែករំលែកនូវមតិយោបល់ល្អៗពីគ្រូបង្រៀន​ រួមទាំងសិក្ខាកាមដទៃទៀត។

វគ្គបណ្ដុះបណ្ដាលកម្រិតឧត្តម មាន៤ម៉ូឌុល៖

  • ម៉ូឌុល ១៖ មជ្ឈត្តការប្រតិដ្ឋជុំទី១ – សេចក្តីបង្គាប់នីតិវិធី
  • ម៉ូឌុល ២៖ មជ្ឈត្តការប្រតិដ្ឋជុំទី២ – ពាក្យសុំផ្នែកនីតិវិធី ​
  • ម៉ូឌុល ៣៖ មជ្ឈត្តការប្រតិដ្ឋជុំទី៣ – សវនាកាលើវិធានការបណ្តោះអាសន្ន
  • ម៉ូឌុល ៤៖​ ការត្រួតពិនិត្យ និងការវាយតម្លៃ

សិក្ខាកាមម្នាក់ៗ និងទទួលបានការវាយតម្លៃពីគ្រូបង្រៀន​លើការបញ្ចេញសមត្ថភាព និងការអនុវត្តរបស់ខ្លួននៅក្នុងដំណាក់កាលទាំងបីនៃមជ្ឈត្តការប្រតិដ្ឋ រួមទាំងការត្រួតពិនិត្យ និងវាយតម្លៃទៅតាមម៉ូឌុលនីមួយៗផងដែរ។

សិក្ខាកាមដែលបានប្រឡងជាប់ទាំង៣កម្រិត និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការប្រឡងចូលជាមជ្ឈត្តករដែលរៀបចំឡើងដោយ ម.ជ.ម. និង​គណ:កម្មការប្រលង (គណៈមេប្រយោគ)។​

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក