មជ្ឈត្តការ

ហេតុអ្វីមជ្ឈត្តការ?

មជ្ឈត្តការ គឺជាយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមួយ។ វាជាបទដ្ឋានសម្រាប់ការដោះស្រាយវិវាទឆ្លងព្រំដែន ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិបទវិនិយោគ។ អ្នកជំនួញ និងរដ្ឋាភិបាលក្នុងតំបន់ បានជ្រើសយកមជ្ឈត្តការ ដោយសារតែវាមានភាពបត់បែន ការបញ្ចប់ជាស្ថាពរ ការចំណាយតិច ភាពអាចអនុវត្តបាន អព្យាក្រឹតភាព ភាពជាអន្តរជាតិ និងភាពសម្ងាត់។

  • ភាពបត់បែន

មជ្ឈត្តការ អនុញ្ញាតឱ្យគូភាគីវិវាទធ្វើការកំណត់នីតិវិធីដែលពួកគេចង់បាន ហើយយកមកអនុវត្តលើដំណើរការមជ្ឈត្តការរបស់ពួកគេ។ ផ្អែកទៅតាមតម្រូវការជាក់ស្តែងនៃវិវាទ គូភាគីអាចជ្រើសរើសវិធានច្បាប់ដែលអាចយកមកអនុវត្តបាន ទីកន្លែងធ្វើមជ្ឈត្តកម្ម និងកំណត់គុណវុឌ្ឍិរបស់មជ្ឈត្តករបាន។

  • ការបញ្ចប់ជាស្ថាពរ

មជ្ឈត្តវិនិច្ឆ័យ ជាការសំរេចដែលធ្វើឡើងដោយវេទិកាមជ្ឈត្តកម្ម មានលក្ខណៈស្ថាពរ ហើយមិនត្រូវបានពិនិត្យឡើងវិញលើអង្គសេចក្តីទេ។ ដូច្នេះគូភាគីវិវាទអាចជៀសវាងដំណើរការវែងឆ្ងាយនៃបណ្តឹងឧទ្ធរណ៍ធម្មតាក្រោមប្រព័ន្ធតុលាការជាតិ។ 

  • ការចំណាយតិច

ភាពបត់បែន និងការបញ្ចប់ជាស្ថាពរ នៃដំណើរការនីតិវិធីមជ្ឈត្តកម្មតែងតែជួយគូភាគីដោះស្រាយវិវាទបានយ៉ាងឆាប់រហ័ស និងចំណាយតិច ប្រសិនបើប្រៀបធៀបទៅនឹងការដោះស្រាយវិវាទនៅតុលាការ ឬតាមមធ្យោបាយផ្សេងៗទៀត។ ការចំណាយពាក់ព័ន្ធនឹងមជ្ឈត្តការ ជាទូទៅគឺទាបជាងការចំណាយនៅក្នុងនីតិវិធីតុលាការ។

  • ភាពអាចអនុវត្តបាន

ការអនុវត្តសាលដីការបស់តុលាការបរទេស គឺមានភាពស្មុគស្មាញ ហើយភាគច្រើនមិនអាចធ្វើទៅបាន ដោយសារគ្មានការទទួលស្គាល់បដិការរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសភាគច្រើននៅលើពិភពលោក។ ផ្ទុយទៅវិញ មជ្ឈត្តវិនិច្ឆ័យអាចអនុវត្តបានយ៉ាងទូលំទូលាយ ដោយសារមានអនុសញ្ញាទីក្រុងញូវយ៉ក ឆ្នាំ ១៩៥៨ ស្តីពីការទទួលស្គាល់ និង អនុវត្តមជ្ឈត្តវិនិច្ឆ័យបរទេស ដែលមានប្រទេសជាហត្ថលេខីជាង ១៦០ (មួយរយហុកសិប)។ អនុសញ្ញានេះតម្រូវឱ្យរដ្ឋនីមួយៗទទួលស្គាល់ និងអនុវត្តមជ្ឈត្តវិនិច្ឆ័យបរទេសដោយមិនធ្វើការពិនិត្យឡើងវិញលើអង្គសេចក្តីទេ។ 

  • អព្យាក្រឹតភាព

គូភាគីមានសេរីភាពជ្រើសរើសទីកន្លែងធ្វើមជ្ឈត្តកម្ម ដោយចែងនៅក្នុងកិច្ចសន្យា ឬខចែងអំពីមជ្ឈត្តការ​របស់ពួកគេ ដើម្បីកំណត់យកប្រទេសអព្យាក្រឹតទីបី ធ្វើជាកន្លែងដំណើរការមជ្ឈត្តកម្ម។ គូភាគីក៏អាចជ្រើសរើសមជ្ឈត្តករឯករាជ្យ ដើម្បីបង្កើតវេទិកាមជ្ឈត្តកម្មអព្យាក្រឹតមួយ នៅពេលដែលមានវិវាទកើតមានឡើង។

  • ភាពជាអន្តរជាតិ

មជ្ឈត្តការ គឺជាប្រព័ន្ធដោះស្រាយវិវាទមួយដែលមានលក្ខណៈអន្តរជាតិ សមស្របសម្រាប់ដោះស្រាយវិវាទពាណិជ្ជកម្ម។ មជ្ឈត្តករទាំងអស់ មានប្រវត្តិរូប និង​បទពិសោធន៍ចំរុះ ទាក់ទងនឹងប្រព័ន្ធច្បាប់ ក៏ដូចជាជំនាញបច្ចេកទេសផ្សេងៗ។  

  • ភាពសម្ងាត់

លើកលែងតែមានការព្រមព្រៀងគ្នាពីគូភាគីវិវាទ ដំណើរការមជ្ឈត្តកម្ម គឺជាមានភាពសម្ងាត់ ដូច្នេះវាមិនបើកចំហជាសាធារណៈឡើយ។ លើសពីនេះ មជ្ឈត្តវិនិច្ឆ័យមិនត្រូវបានបោះពុម្ពផ្សាយទេ។ ដូច្នេះហើយ ជម្លោះនានា មិនត្រូវបានបង្ហាញជាសាធារណៈទេរហូតដល់ដំណាក់កាលអនុវត្តមជ្ឈត្តវិនិច្ឆ័យ ហើយភាគីអាចការពារអាថ៌កំបាំងពាណិជ្ជកម្ម និងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងកំឡុងពេលនៃវិវាទបាន។ ចំណុចនេះអាចជួយឱ្យគូភាគីវិវាទរក្សាបាននូវនិរន្តភាពនៃអាជីវកម្មរបស់ពួកគេ។