មជ្ឈត្តការ

ហេតុអ្វីជ្រើសរើស ម.ជ.ម.?

មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ហើយត្រូវបានបង្កើតឡើងក្រោមច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មឆ្នាំ ២០០៦ ។ ម.ជ.ម.​ បានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងឆ្នាំ ២០១៣ ដើម្បីផ្តល់ឱ្យសហគមន៍ពាណិជ្ជករនូវយន្តការដោះស្រាយវិវាទ​ពាណិជ្ជកម្មមួយក្រៅប្រព័ន្ធតុលាការ។ តួនាទី ម.ជ.ម. នឹងកាន់តែមានសារៈសំខាន់ខ្លាំង ដោយសារមានការកើនឡើងនូវតម្រូវការនៃការដំណោះស្រាយវិវាទ ដែលបណ្តាលមកពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសេដ្ឋកិច្ច កំណើនគួរឱ្យកត់សម្គាល់នៃប្រតិបត្តិការពាណិជ្ជកម្ម ក៏ដូចជាកំណើនវិវាទដែលកើតចេញពីប្រតិបត្តិការទាំងនោះ។ ម.ជ.ម.​ មានបំណងក្លាយជាស្ថាប័ន​​ផ្នែកមជ្ឈត្តការឈានមុខគេមួយក្នុងតំបន់នាពេលអនាគត។

ស្របពេលដែលអ្នកធុរកិច្ចភាគច្រើនមានបំណងជ្រើសយកមជ្ឈត្តការជាយន្តការដោះស្រាយវិវាទ ដែលកីតចេញពីប្រតិបត្តិការពាណិជ្ជកម្មក៏ដោយ ក៏មិនមែនអ្នកធុរកិច្ចទាំងអស់សុទ្ធតែមានឆន្ទៈជ្រើសរើសមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិ ឬមជ្ឈមណ្ឌលមជ្ឈត្តការក្នុងតំបន់នោះទេ បើទោះបីជាមជ្ឈមណ្ឌលទាំងនោះមានកេរ្តិ៍ឈ្មោះល្បីក៏ដោយ។ ការចំណាយខ្ពស់ដែលកើតឡើងដោយដំណើរការនីតិវិធីនៅមជ្ឈមណ្ឌលអន្តរជាតិ ឬមជ្ឈមណ្ឌលក្នុងតំបន់ទាំងនោះ ពេល​​​​ខ្លះ​មិនសមាមាត្រទៅនឹងទំហំនៃជម្លោះមួយចំនួន។ ខណៈពេលដែលមជ្ឈមណ្ឌលក្នុងតំបន់ទាំងនោះអាចដោះស្រាយវិវាទក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានក៏ដោយ ក៏វាមិនមែនជាជំរើសល្អសម្រាប់គូរភាគីវិវាទដែលមានបំណងជ្រើសរើសយកដំណើរការនីតិវិធីជាភាសាខ្មែរទេ។ ក្នុងករណីវិវាទដែលពាក់ព័ន្ធនឹងឯកសារជាច្រើនជាភាសាខ្មែរ​ ទោះបីជាអាចធ្វើទៅបាន ក៏ដំណើរការនីតិវិធីជាភាសាបរទេសអាចមានភាពសាំញុំដែលត្រូវការការបកប្រែឯកសារជាច្រើន។ លក្ខណៈពិសេសដែលផ្តល់ដោយ ម.ជ.ម. នឹងដោះស្រាយរាល់បញ្ហាទាំងនោះ។ លើសពីនេះ ក្រោមវិធានរបស់ ម.ជ.ម. ដំណើរការនីតិវិធីមជ្ឈត្តការអាចប្រព្រឹត្ត​ទៅបានជាភាសាណាមួយក៏បាន។ ដោយសារប្រទេសកម្ពុជាជាប្រទេសហត្ថលេខីនៃអនុសញ្ញា​ទីក្រុង​ញូវយ៉កស្តីពីការទទួលស្គាល់ និងការអនុវត្តមជ្ឈត្តវិនិច្ឆ័យបរទេស មជ្ឈត្តវិនិច្ឆ័យដែលចេញដោយ ម.ជ.ម. គឺអាចអនុវត្តបានក្នុងប្រទេសជាង ១៦០ ដូចគ្នាទៅនឹងមជ្ឈត្តវិនិច្ឆ័យដែលចេញដោយមជ្ឈមណ្ឌលអន្តរជាតិ ឬមជ្ឈមណ្ឌលក្នុងតំបន់ណាមួយផងដែរ។