សារពីប្រធាន ម.ជ.ម.

សារពីប្រធាន ម.ជ.ម.

សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការនៃមជ្ឈមណ្ឌលជាតិមជ្ឈត្តការផ្នែកពាណិជ្ជកម្មជាតិ,

           ជាបឯម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម សហគមន៍ពាណិជ្ជកម្ម សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលបានផ្តល់វគ្គបណ្ដុះបណ្ដាល​ដំបូងបង្អស់ ដែលបណ្ដុះបណ្ដាលមកពី SIArb និងSIAC អតីតនិងក្រុមប្រឹក្សាប្រតិបត្តិបច្ចុប្បន្ននៃ ម.ជ.ម. និងក្រុមការងារនៃអគ្គលេខាធិការដ្ឋាន ម.ជ.ម. ក៏ដូចជាមជ្ឈត្តករទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបង្កើតមជ្ឈមណ្ឌលជាតិមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) នៅព្រះរាជាណាចក្រកម្ពុជា ឱ្យលេចជារូបរាងឡើង។​ បើមិនមានការគាំទ្រ ការលើកទឹកចិត្ត និងការលះបង់ឥតឈប់ឈររបស់ភាគីពាក់ព័ន្ធ, ម.ជ.ម. នឹងមិនអាចមានវត្តមាន និងឈានមកដល់បច្ចុប្បន្ននេះទេ។

           ម.ជ.ម. កកើតចេញពីទស្សនវិស័យនៃការចង់ពង្រីកវិសាលភាពនៃការប្រើប្រាស់ការដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ ដែលកំពុងកើនឡើងដែលកំពុងកើតឡើងគួរឱ្យកត់សម្គាល់នៅកម្ពុជា។ ការវិនិយោគបរទេសដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាការកើនឡើងនៃទំនាក់ទំនងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនផងដែរ។​ អ្វីដែលជាតម្រូវការរបស់សហគមន៍ពាណិជ្ជកម្ម គឺសមត្ថភាពក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ដែលកើតចេញពីទំនាក់ទំនងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព តាមរយៈយន្តការដោះស្រាយវិវាទដែលមាន
អព្យាក្រឹតមួយ។ យន្តការដែលអាចផ្តល់ឱ្យគូភាគីវិវាទនូវស្វ័យភាពក្នុងការជ្រើសរើសនីតិវិធីក្នុងការដោះស្រាយវិវាទ សេរីភាពក្នុងការជ្រើសរើសបុគ្គលត្រឹមត្រូវ ហើយមានជំនាញបច្ចេកទេសក្នុងការសម្រេចលើវិវាទ និងសមត្ថភាពក្នុងការអនុម័តនីតិវិធីណាមួយដែលល្អបំផុតក្នុងការដោះស្រាយវិវាទរបស់គូភាគីវិវាទដោយផ្អែកលើលក្ខណៈពាណិជ្ជកម្ម។ សមត្ថភាពក្នុងការដោះស្រាយវិវាទដោយភាពជឿជាក់ និងការអនុវត្តដោយបង្ខំនូវមជ្ឈវិនិច្ឆ័យជាសកលក៏មានសារៈសំខាន់ ដូចគ្នាចំពោះសហគមន៍ពាណិជ្ជកម្មផងដែរ។ ការប្រើប្រាស់យន្តការមជ្ឈត្តកម្ម គឺជាមធ្យោបាយឈានមុនដើម្បីឆ្លើយតបទៅនឹងតម្រូវការពាណិជ្ជកម្មទាំងអស់នេះ។

           ខ្ញុំអាចនិយាយដោយមោទនភាពបានថា លក្ខណៈពិសេសដែលបានបរិយាយខាងលើនេះ គឺមាននៅ ម.ជ.ម.។​ យើងបានពង្រឹងវិធានមជ្ឈត្តការ និងក្រុមការងារអគ្គលេខាធិការដ្ឋាន ដែលពោរពេញដោយ
សមត្ថភាពក្នុងការគ្រប់គ្រងសំណុំរឿង។ ម.ជ.ម. ក៏បានធ្វើឱ្យប្រសើរឡើងនូវទីតាំងរបស់ខ្លួននាពេលថ្មីៗនេះ ដោយធ្វើការផ្លាស់ប្តូរទៅតំបន់ពាណិជ្ជកម្មដែលមានភាពជឿនលឿន និងមានកិត្យានុភាពបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនសំណុំរឿងស្នើមកកាន់ ម.ជ.ម. បានបង្ហាញពីការកើនឡើងនូវតម្រូវការសេវាកម្មជម្ឈត្តកម្ម ក៏ដូចជាការជឿទុកចិត្តពីសហគមន៍ពាណិជ្ជកម្មមានមកលើ ម.ជ.ម.។ គិតត្រឹមពេលបច្ចុប្បន្ន ម.ជ.ម. បានទទួលសំណុំរឿងសរុបចំនួន ២៥ ដែលពាក់ព័ន្ធនឹងភាគីនានាដែលមានប្រភពចេញពីយុត្តាធិការ ០៦ ផ្សេងគ្នា ដែលមានចំនួនសរុបនៃទំហំវិវាទជាង ៧២ លានដុល្លារអាមេរិក។ រាល់មជ្ឈត្តវិនិច្ឆ័យ ដែលចេញដោយ ម.ជ.ម. រហូតមកដល់ពេលនេះ ទទួលបានកំណត់ត្រាល្អលើការទទួលស្គាល់ និងអនុវត្ដ។ ខ្ញុំក៏មានមោទនភាពផងដែរក្នុងការនិយាយថា មជ្ឈត្តករនៃ ម.ជ.ម. មានទំហំធំសមស្រប ដែលរួមមានមជ្ឈត្តករមានសមត្ថភាពជាង ៧០ នាក់ ចម្រុះជាតិសាសន៍ និងប្រវត្តិរូប។

           ម.ជ.ម. នឹងបន្តការខិតខំក្នុងការកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ដើម្បីក្លាយជាស្ថាប័នដោះស្រាយវិវាទដ៏ល្បី ដែលមានកិត្យានុភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានភាពឆាប់រហ័ស។ ស្របពេលដែល
វឌ្ឍនភាពជាច្រើនត្រូវបានសម្រេច នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ហើយខ្ញុំជឿជាក់ថាយើងនឹងទទួលបានជោគជ័យដោយមានការគាំទ្រពីភាគីពាក់ព័ន្ធ។ ការចូលរួមរបស់ភាគីពាក់ព័ន្ធពិតជាមានតម្លៃ ហើយយើងពេញចិត្តក្នុងការធ្វើការជាមួយអ្នកក្នុងការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មរបស់យើង សម្រាប់វឌ្ឍនភាពថ្មីរបស់ ម.ជ.ម. និងប្រទេសកម្ពុជា។

           សូមថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ និងទំនុកចិត្តរបស់អ្នកចំពោះ ម.ជ.ម. និងប្រទេសកម្ពុជា!

ប៊ុន យូធី
ប្រធាន ម.ជ.ម.