អំពីយើង

សមាជិកភាព

រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាសមាជិករបស់ ម.ជ.ម. ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យសុំក្លាយជាសមាជិកជាមួយម.ជ.ម.។ សមាជិកភាពមានបួនប្រភេទគឺ៖

  • សមាជិកជាមជ្ឈត្តករ
  • សមាជិកជានីតិបុគ្គល
  • សមាជិកគាំទ្រជារូបវន្តបុគ្គល
  • សមាជិកគាំទ្រជានីតិបុគ្គល។
សមាជិកជាមជ្ឈត្តករ

សមាជិកជាមជ្ឈត្តករសំដៅលើរូបវន្តបុគ្គលក្នុងស្រុក និងបរទេស ដែលបានបំពេញលក្ខណៈសម្បត្តិជាមជ្ឈត្តករ និងត្រូវបានចុះបញ្ជីសមាជិកជាមជ្ឈត្តកររបស់ ម.ជ.ម.។

សមាជិកជាមជ្ឈត្តករជំនាន់ដំបូង ត្រូវបានជ្រើសរើសដោយគណៈកម្មាធិការជ្រើសរើសមជ្ឈត្តករនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១០។ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈរបស់ពួកគេ មជ្ឈត្កករជំនាន់ដំបូងបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជាច្រើនស្តីពីជំនាញមជ្ឈត្តការ និងច្បាប់ពាណិជ្ជកម្មដែលត្រូវបានរៀបចំឡើងដោយ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ( IFC ដែលជាផ្នែកមួយនៃធនាគារពិភពលោក) ដោយសហការជាមួយវិទ្យាស្ថានមជ្ឈត្តការសិង្ហបុរី (SIArb)។ បន្ទាប់ពីបានបញ្ចប់ការបណ្តុះបណ្តាលរយៈពេលពីរឆ្នាំ សិក្ខាកាមដែលទទួលបានជោគជ័យចំនួន ៤៤ (សែសិប) រូប ត្រូវបានចុះឈ្មោះជាមជ្ឈត្តករនៅក្នុងបញ្ជីរបស់ ម.ជ.ម.។

បច្ចុប្បន្ននេះ យើងមានមជ្ឈត្តករច្រើនជាង៦០ (ហុកសិប) រូប ដែលមានសញ្ជាតិផ្សេងៗគ្នានៅក្នុងបញ្ជីរបស់ ម.ជ.ម.។ លក្ខណៈសម្បត្តិដើម្បីចុះបញ្ជីសមាជិកជាមជ្ឈត្តកររួមមាន៖

  • មានអាយុយ៉ាងតិច ៣០ (សាមសិប) ឆ្នាំ
  • មានសញ្ញាបត្របរិញ្ញាបត្រជំនាញណាមួយ ដែលបញ្ចប់ពីមហាវិទ្យាល័យណាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស
  • បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលផ្នែកមជ្ឈត្តការ ដែលរៀបចំដោយ ម.ជ.ម. ឬវគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយស្ថាប័នវិជ្ជាជីវៈមជ្ឈត្តការផ្នែកពាណិជ្ជកម្មណាមួយ ដែលត្រូវបានទទួលស្គាល់ដោយ ម.ជ.ម. និង
  • បានប្រឡងជាប់ការប្រឡងដែលរៀបចំដោយ ម.ជ.ម. ឬដោយស្ថាប័នវិជ្ជាជីវៈមជ្ឈត្តការផ្នែកពាណិជ្ជកម្មណាមួយ ដែលត្រូវបានទទួលស្គាល់ដោយ ម.ជ.ម.។

យោងតាមការយល់ព្រមពីមហាសន្និបាត ក្រុមប្រឹក្សាប្រតិបត្តិអាចកំណត់លក្ខណៈសម្បត្តិបន្ថែមផ្សេងទៀត ប្រសិនបើយល់ថាសមស្រប និងមានប្រយោជន៍ដល់ ម.ជ.ម.។ ដើម្បីធានាឱ្យបាននូវសុចរិតភាព និងអព្យាក្រឹត្យភាពរបស់មជ្ឈមណ្ឌល បេក្ខជនដែលដាក់ពាក្យសុំទាំងអស់មិនត្រូវជាមន្ត្រីរាជការ ឬមានមុខតំណែង ឬតួនាទីនៅក្នុងឋានានុក្រមជាមន្ត្រីនៃស្ថាប័ននីតិប្រតិបត្តិ នីតិប្បញ្ញត្តិ ឬតុលាការឡើយ។

សមាជិកជានីតិបុគ្គល

សមាជិកជានីតិបុគ្គលសំដៅទៅលើសមាគមអ្នកធុរកិច្ច ឬសភាពាណិជ្ជកម្មដែលត្រូវបានចុះបញ្ជីសមាជិកជានីតិបុគ្គលរបស់ ម.ជ.ម.​។ សមាជិកជានីតិបុគ្គលនីមួយៗ ត្រូវតែងតាំងរូបវន្តបុគ្គលមួយរូបឱ្យធ្វើជាអ្នកតំណាងរបស់ខ្លួន ដើម្បីធ្វើសកម្មភាពនានាក្នុងនាមជាសមាជិកជានីតិបុគ្គលសម្រាប់គ្រប់កិច្ចការទាំងអស់ពាក់ព័ន្ធនឹង ម.ជ.ម. រួមបញ្ជូលទាំងការតំណាងសមាជិកជានីតិបុគ្គលនៅក្នុងក្រុមប្រឹក្សាប្រតិបត្តិ ឬក្នុងគណៈកម្មាធិការនានា ប្រសិនបើសមាជិកជានីតិបុគ្គលនោះត្រូវបានតែងតាំងតាមនីតិវិធីកំណត់។ ដើម្បីជៀសវាងការភ័ន្តច្រឡំ អ្នកតំណាងមិនត្រូវបានចាត់ទុកជាសមាជិករបស់ ម.ជ.ម. ឡើយ។ លក្ខណៈសម្បត្តិសម្រាប់ការចុះបញ្ជីជាសមាជិករួមមាន៖

  • នីតិបុគ្គល ត្រូវតែស្ថិតក្នុងប្រភេទណាមួយនៃអង្គភាពខាងក្រោម៖
    • គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
    • សភាពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ឬ
    • រាល់សមាគម ដែលប្រមូលផ្ដុំសមាជិកជាពាណិជ្ជករ ឧស្សាហករ អាជីវករ ឬសេវាករ
  • ត្រូវបានបង្កើតឡើងដោយមានបុគ្គលភាពគតិយុត្តិ ស្ថិតនៅក្រោម និងស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមានផ្សេងៗទៀត ព្រមទាំងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬនៅស្ថាប័នមានសមត្ថកិច្ចណាមួយ
  • មានប្រព័ន្ធអភិបាលកិច្ចច្បាស់លាស់ ក្រុមប្រឹក្សាភិបាល និងសមាជិក ស្របតាមវិធានគ្រប់គ្រងរបស់ខ្លួន
  • មានសមាជិកជានីតិបុគ្គលយ៉ាងតិច ២០ (ម្ភៃ) នាក់
  • មានសកម្មភាពយ៉ាងសកម្មក្នុងកិច្ចការពាណិជ្ជកម្មដូចមានកំណត់ក្នុងមាត្រា ២(ឈ) នៃច្បាប់ស្ដីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និង
  • នីតិបុគ្គល ត្រូវមានឆន្ទៈក្នុងការចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកម្មវត្ថុ និងសកម្មភាពរបស់ ម.ជ.ម.។
សមាជិកគាំទ្រជារូបវន្តបុគ្គល

សមាជិកគាំទ្រជារូបវន្តបុគ្គល សំដៅទៅលើរូបវន្តបុគ្គលដែលមានចំណាប់អារម្មណ៍ទៅលើវិស័យមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ប៉ុន្តែមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាមជ្ឈត្តករ ឬអ្នកដែលមានបំណងចង់ស្វែងយល់បន្ថែមអំពី ម.ជ.ម.។ លក្ខណៈសម្បត្តិដើម្បីចុះបញ្ជីជាសមាជិករួមមាន៖

  • មានអាយុយ៉ាងតិច ២០ (ម្ភៃ) ឆ្នាំ
  • បានចុះឈ្មោះជានិស្សិតនៃមហាវិទ្យាល័យណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស ឬមានបរិញ្ញាបត្រជំនាញណាមួយ ដែលចេញដោយមហាវិទ្យាល័យណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស និង
  • គ្មានករណីណាមួយក្នុងប្រការ ១៩.១ (ការបញ្ចប់សមាជិកភាព) ត្រូវយកមកអនុវត្តចំពោះរូបវន្តបុគ្គលនោះ។

សមាជិកគាំទ្រជារូបវន្តបុគ្គល នឹងទទួលបានព័ត៌មានដែលផ្តល់ឡើងដោយ ម.ជ.ម អាចចូលរួមកម្មវិធីនានាដែលរៀបចំដោយ ម.ជ.ម. និង​មានសិទ្ធិចូលរួមវគ្គបណ្ដុះបណ្ដាលនានាដែលរៀបចំដោយ ម.ជ.ម. ជាមួយតម្លៃចុះឈ្មោះចូលរួមពិសេស ដែលកំណត់ដោយក្រុមប្រឹក្សាប្រតិបត្តិ។ សមាជិកគាំទ្រជារូបវន្តបុគ្គល ក៏នឹងមានឈ្មោះក្នុងបញ្ជីដែលបោះពុម្ពផ្សាយស្របតាមប្រការ ១៨ (ទិន្នន័យ​ និង បញ្ជី) ។

សមាជិកគាំទ្រជានីតិបុគ្គល

សមាជិកគាំទ្រជានីតិបុគ្គល សំដៅទៅលើនីតិបុគ្គលដែលមានចំណាប់អារម្មណ៍ទៅលើវិស័យមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ​និងត្រូវបានចុះឈ្មោះជាសមាជិកនីតិបុគ្គលនៅ ម.ជ.ម.។ លក្ខណៈសម្បត្តិដើម្បីចុះបញ្ជីជាសមាជិករួមមាន៖

  • ត្រូវបានបង្កើតឡើងដោយមានបុគ្គលភាពគតិយុត្តិ ស្ថិតនៅក្រោម និងស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមានផ្សេងៗទៀត និងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬស្ថាប័នមានសមត្ថកិច្ចណាមួយផ្សេងទៀត
  • មានប្រព័ន្ធអភិបាលកិច្ចច្បាស់លាស់ ក្រុមប្រឹក្សាភិបាល និងសមាជិក ស្របតាមវិធានគ្រប់គ្រងរបស់ខ្លួន និង
  • នីតិបុគ្គល ត្រូវមានឆន្ទៈក្នុងការចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកម្មវត្ថុ និងសកម្មភាពរបស់ ម.ជ.ម.។

សមាជិកគាំទ្រជានីតិបុគ្គលនឹងទទួលបានព័ត៌មានដែលចែកចាយដោយ ម.ជ.ម ចូលរួមកម្មវិធីនានាដែលរៀបចំដោយ ម.ជ.ម. ជាមួយតម្លៃចុះឈ្មោះចូលរួមពិសេស និងមានសិទ្ធិចូលរួមក្នុងការបណ្ដុះបណ្ដាលនានាដែលរៀបចំដោយ ម.ជ.ម. ក្រោមការចាត់ចែងជាក់លាក់ដែលកំណត់ដោយក្រុមប្រឹក្សាប្រតិបត្តិ។ សមាជិកគាំទ្រជានីតិបុគ្គល ក៏នឹងមានឈ្មោះក្នុងបញ្ជីដែលបោះពុម្ពផ្សាយស្របតាមប្រការ ១៨​(ទិន្នន័យ​ និង បញ្ជី)។