មជ្ឈត្តការ

ការតែងតាំងមជ្ឈត្តករ

ម.ជ.ម. មានគណៈកម្មាធិការតែងតាំង និងនីតិវិធី ដែលមានគោលបំណងធានាឱ្យបានថាមជ្ឈត្តកម្ម អាចដំណើរការទៅបានយ៉ាងឆាប់រហ័ស។ អនុលោមតាមវិធានស្តីពីមជ្ឈត្តការរបស់ ម.ជ.ម. គណៈកម្មាធិការតែងតាំង និងនីតិវិធី នឹងតែងតាំងមជ្ឈត្តករ តាមការស្នើសុំរបស់គូភាគី ឬក្នុងករណីដែលគូភាគីមិនអាចតែងតាំងមជ្ឈត្តករណាមួយស្របតាមវិធានរបស់ ម.ជ.ម.។ គណៈកម្មាធិការតែងតាំង និងនីតិវិធីក៏សម្រេចលើយុត្តាធិការរបស់ ម.ជ.ម. ប្រសិនបើមានការតវ៉ាពីគូភាគីវិវាទ។ ជាធម្មតាការសម្រេចលើយុត្តាធិការរបស់ ម.ជ.ម. នេះ កើតឡើងមុនការបង្កើតវេទិកាមជ្ឈត្តកម្ម នៅពេលដែលគណៈកម្មាធិការអាចធ្វើការកំណត់លើសុពលភាព និងភាពអាចអនុវត្តបាននៃកិច្ចព្រមព្រៀងមជ្ឈត្តការ។ គណៈកម្មាធិការតែងតាំង និងនីតិវិធីមានសមាជិកដែលពោរពេញដោយបទពិសោធន៍ចំនួន ០៧ (ប្រាំពីរ) រូប ហើយមានប្រវត្តិរូបចំរុះផ្សេងៗពីគ្នា។ សមាជិកនៃគណៈកម្មាធិការតែងតាំង និងនីតិវិធីត្រូវបានជ្រើសរើសរៀងរាល់ ០៣ (បី) ឆ្នាំម្តង ដោយក្រុមប្រឹក្សាប្រតិបត្តិ ម.ជ.ម.។