សារពីប្រធាន ម.ជ.ម.

សារពីប្រធាន ម.ជ.ម.

សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការរបស់ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម!

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងការបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) រួមមានថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម សហគមន៍អ្នកធុរកិច្ច សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)ដែលបានឧបត្ថមគាំទ្រដល់វគ្គបណ្ដុះបណ្ដាល​ដំបូងបង្អស់ អ្នកបណ្ដុះបណ្ដាលដែលពោរពេញដោយបទពិសោធន៍ជាច្រើនរូបមកពីវិទ្យាស្ថានមជ្ឈត្តការសិង្ហបុរី(SIArb) និងមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិសិង្ហបុរី(SIAC) ក្រុមប្រឹក្សាប្រតិបត្តិ និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានរបស់ម.ជ.ម. ទាំងអតីត និងបច្ចុប្បន្ន ក៏ដូចជាមជ្ឈត្តករទាំងអស់។​ បើគ្មានការគាំទ្រ ការលើកទឹកចិត្ត និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ភាគីពាក់ព័ន្ធទាំងអស់ទេ ម.ជ.ម. ក៏មិនអាចមានវត្តមាន និងឈានមកដល់បច្ចុប្បន្ននេះដែរ។

ម.ជ.ម. បានកើតចេញពីបំណងដែលចង់ពង្រីកវិសាលភាពនៃការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ស្របតាមកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ការវិនិយោគបរទេសដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាកំណើននៃប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែនផងដែរ។​ អ្វីដែលសហគមន៍អ្នកធុរកិច្ចត្រូវការ គឺសមត្ថភាពដោះស្រាយវិវាទ ដែលកើតចេញពីប្រតិបត្តិការពាណិជ្ជកម្មទាំងនោះ ប្រកបដោយប្រសិទ្ធភាព តាមរយៈយន្តការដោះស្រាយវិវាទមួយដែលមានលក្ខណៈអព្យាក្រឹត។ យន្តការមួយ ដែលអាចផ្តល់ឱ្យគូភាគីនូវស្វ័យភាពក្នុងការជ្រើសរើសមធ្យោបាយដោះស្រាយវិវាទ សេរីភាពក្នុងការជ្រើសរើសបុគ្គលត្រឹមត្រូវ ដែលមានជំនាញបច្ចេកទេសច្បាស់លាស់ក្នុងការធ្វើសេចក្តីសម្រេចលើវិវាទ និងសមត្ថភាពក្នុងការអនុម័តនីតិវិធីណាមួយដែលល្អបំផុតក្នុងការដោះស្រាយវិវាទរបស់គូភាគីដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការពាណិជ្ជកម្មនីមួយៗ។ សមត្ថភាពដោះស្រាយវិវាទប្រកបដោយទំនុកចិត្ត និងការអនុវត្តសេចក្តីសំរេចដែលមានវិសាលភាពជាសកល ក៏មានសារៈសំខាន់ចំពោះសហគមន៍អ្នកធុរកិច្ចផងដែរ។ ការប្រើប្រាស់យន្តការមជ្ឈត្តកម្ម គឺជាមធ្យោបាយឈានមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពាណិជ្ជកម្មនេះ។

ខ្ញុំអាចបញ្ជាក់ដោយមោទនភាពថា លក្ខណៈពិសេសទាំងអស់ដែលបានរៀបរាប់ខាងលើនេះ គឺមាននៅ ម.ជ.ម. ដែលអាចប្រៀបធៀបបានជាមួយសេវាមជ្ឈត្តកម្មរបស់ស្ថាប័នផ្សេងៗទៀត។​ យើងមានវិធានមជ្ឈត្តការរឹងមាំ និងក្រុមការងារអគ្គលេខាធិការដ្ឋានដ៏សកម្ម និងមានសមត្ថភាពខ្ពស់។ ម.ជ.ម. បានធ្វើទំនើបកម្មគ្រឿងបរិក្ខារ និងការិយាល័យរបស់ខ្លួននាពេលថ្មីៗនេះ ដោយបានធ្វើការផ្លាស់ប្តូរទីតាំងទៅកាន់តំបន់ពាណិជ្ជកម្មដែលមានភាពជឿនលឿន និងមានកិត្យានុភាពបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនសំណុំរឿងដែលបានស្នើមកកាន់ ម.ជ.ម. បង្ហាញពីការកើនឡើងនូវតម្រូវការសេវាមជ្ឈត្តកម្ម ក៏ដូចជាការជឿទុកចិត្តពីសំណាក់សហគមន៍អ្នកធុរកិច្ចមកលើ ម.ជ.ម. ផងដែរ។ មកទល់បច្ចុប្បន្ន ម.ជ.ម. បានគ្រប់គ្រងសំណុំរឿងសរុបចំនួន ២៥ ពាក់ព័ន្ធនឹងភាគីនានាដែលមានប្រភពពីយុត្តាធិការចំនួន ៦ ផ្សេងៗគ្នា ជាមួយនឹងទំហំវិវាទសរុបជាង ៧២ លានដុល្លារអាមេរិក។ រាល់មជ្ឈត្តវិនិច្ឆ័យ ដែលចេញដោយ ម.ជ.ម. កន្លងមក ទទួលបានកំណត់ត្រាល្អលើការទទួលស្គាល់ និងការអនុវត្ដ។ ខ្ញុំក៏មានមោទនភាពផងដែរក្នុងការនិយាយថា បញ្ជីមជ្ឈត្តកររបស់ ម.ជ.ម. គឺមានចំនួនសមល្មម ដែលក្នុងនោះមានមជ្ឈត្តករជំនាញចំនួន ច្រើនជាង ៦០ រូប ដែលមានជាតិសាសន៍ និង បទពិសោធន៍ចំរុះ មកពី ៥ប្រទេសផ្សេងៗគ្នា។

ម.ជ.ម. នឹងបន្តខិតខំប្រឹងប្រែងកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ឱ្យក្លាយជាស្ថាប័នដ៏ទាក់ទាញមួយក្នុងការដោះស្រាយវិវាទ ដែលផ្តល់ជូននូវសេវាគ្រប់គ្រងសំណុំរឿងដ៏ល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានភាពឆាប់រហ័ស។ ស្របពេលដែលវឌ្ឍនភាពជាច្រើនត្រូវបានសម្រេច មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ហើយខ្ញុំជឿជាក់ថាយើងនឹងទទួលបានជោគជ័យដោយមានការគាំទ្រពីអ្នកទាំងអស់គ្នា។ យើងឱ្យតម្លៃទៅលើការចូលរួមផ្តល់មតិយោបល់របស់អ្នក ហើយយើងពេញចិត្តធ្វើការជាមួយអ្នក ដើម្បីធ្វើឱ្យសេវាកម្មរបស់យើងកាន់តែប្រសើរឡើង សម្រាប់វឌ្ឍនភាពថ្មីរបស់ស្ថាប័នយើង។

ខ្ញុំសូមថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ និងទំនុកចិត្តរបស់អ្នកមកលើ ម.ជ.ម. និងប្រទេសកម្ពុជា!

ប៊ុន យូឌី

ប្រធាន ម.ជ.ម.