info@ncac.org.kh
June 12, 2014
- ការចុះបញ្ជី​សំណុំរឿង​
​នៅពេល​ភាគី​ណាមួយ​ដាក់ពាក្យ​ប្តឹង​ទាមទារ ឬ ប្តឹង​ទាមទារ​បក​វិញ មកកាន់ ម ជ ម ពេលនោះ​អគ្គលេខាធិការដ្ឋាន នឹងធ្វើ​ការចុះបញ្ជី​សំណុំរឿង (​ក៏ដូចជា​ចុះបញ្ជី​នូវ​បណ្តឹងទាមទារ ឬ បណ្តឹងទាមទា​របក​វិញ​) បន្ទាប់ពី​ភាគី​ដែល​ដាក់ពាក្យ​នោះ បានផ្តល់​នូវ​ភស្តុតាង​នៃ​ការបង់​កម្រៃ​សេវា​ចុះបញ្ជី​សំណុំរឿង (​ការចុះបញ្ជី​នូវ​ការប្តឹង​ទាមទារ ឬ ការប្តឹង​ទាមទារ​បក​វិញ​) អនុលោម​តាម​តារាង​កម្រៃ​សេវា​របស់ ម ជ ម​។​

​ករណី​ម​ជ្ឈ​ត្ត​ការ​ជា​លក្ខណៈ​ស្ថាប័ន នៅពេលដែល​ភាគី​វិវាទ ខកខាន​មិនបាន​តែងតាំង ឬ​មិនបាន​ឯកភាព​អំពី​ការតែងតាំង​ម​ជ្ឈ​ត្ត​ករ​សម្រាប់​វេទិកា​ម​ជ្ឈ​ត្ត​កម្ម​ក្នុងអំឡុង​ពេលដែល​បានកំណត់​ជាមុន​ដោយ​គូភាគី ឬ ដែល​បានចែង​ក្នុង​វិធាន​ម​ជ្ឈ​ត្ត​ការ​របស់ ម ជ ម សម្រាប់​ករណី​ដែល​គូភាគី​មិនបាន​កំណត់​នូវ​អំឡុងពេល​ណាមួយ ក្នុងករណី​នោះ ម ជ ម នឹង​ប្រើ​សិ​ទិ្ធ​អំណាច​របស់ខ្លួន តាមរយៈ គណៈកម្មាធិការ​តែងតាំង ដើម្បី​សម្រេចបាន​នូវ​ការតែងតាំង​ម​ជ្ឈ​ត្ត​ករ​ដែល​ត្រូវការ​សម្រាប់​វេទិកា​ម​ជ្ឈ​ត្ត​កម្ម​។​

​ករណី​ម​ជ្ឈ​ត្ត​ការ​ជា​លក្ខណៈ​អាដហុក ដែល​គូភាគី​មិនបាន​ព្រមព្រៀងគ្នា​ថា​ត្រូវគោរព​តាម​វិធាន​ម​ជ្ឈ​ត្ត​ការ​របស់​ស្ថាប័ន​ម​ជ្ឈ​ត្ត​ការ​ណាមួយ​ទេ ឬ ករណី​ដែល​គូភាគី​មានការ​ព្រមព្រៀងគ្នា​ថា​ម​ជ្ឈ​ត្ត​ករ​នឹងត្រូវ​តែងតាំង​ដោយ ម ជ ម ក្នុងករណី​នោះ ម ជ ម នឹង​ប្រើ​សិ​ទិ្ធ​អំណាច​របស់ខ្លួន តាមរយៈ គណៈកម្មាធិការ​តែងតាំង ដើម្បី​សម្រេចបាន​នូវ​ការតែងតាំង​ម​ជ្ឈ​ត្ត​ករ​ដែល​ត្រូវការ​សម្រាប់​វេទិកា​ម​ជ្ឈ​ត្ត​កម្ម​។​

- ក្នុងករណី​ណាក៏ដោយ ពេលដែល​ត្រូវ​ការឱ្យ ម ជ ម
ផ្តល់​សេវា​តែងតាំង​ម​ជ្ឈ​ត្ត​ករ ភាគី​ដែល​ស្នើសុំ​ឱ្យធ្វើ​ការតែងតាំង​នោះ មាន​កាត​ព្វ​ត្រូវ​បង់​តម្លៃ​សេវា​ជូន ម ជ ម សម្រាប់​សេវា​បន្ថែម ឬ សេវា​អាដហុក នោះ អនុលោម​តាម​តារាង​តម្លៃ​សេវា​របស់ ម ជ ម​។​
​ករណី​ដែល​គូភាគី សម្រេច​បញ្ជូន​វិវាទ​របស់ខ្លួន​មក​ដោះស្រាយ​ដោ​យម​ជ្ឈ​ត្ត​ការ​នៅ ម ជ ម ឬ ក្រោម​វិធាន​ម​ជ្ឈ​ត្ត​ការ​របស់ ម ជ ម បន្ទាប់ពី​មានការ​ចុះបញ្ជី​សំណុំរឿង​រួច និង​ការទទួលបាន​នូវ​សេចក្តីជូនដំណឹង​ពេញលេញ​អំពី​ម​ជ្ឈ​ត្ត​ការ ដំណើរការ​ម​ជ្ឈ​ត្ត​ការ​ត្រូវបាន​ចាត់ទុកជា​ផ្លូវការ​ថា​បានចាប់ផ្តើម​។ អគ្គលេខាធិការដ្ឋានរ​បស់ ម ជ ម នឹង​ផ្តល់​សេចក្តី​ជូន​ដឹង​រដ្ឋបាល ដល់​ភាគី​ចុង​ចម្លើយ អំពី​ការចាប់ផ្តើម​នូវ​ដំណើរការ​ម​ជ្ឈ​ត្ត​ការ​នោះ ហើយ​ផ្តល់យោបល់​ឱ្យ​ភាគី​ចុង​ចម្លើយ ដាក់​នូវ​សេចក្តីជូនដំណឹង​ឆ្លើយតប ប្រសិនបើ​ភាគី​ចុង​ចម្លើយ​មិនទាន់បាន​ផ្តល់នូវ​សេចក្តីជូនដំណឹង​ឆ្លើយតប នោះទេ​។​

​បន្ទាប់ពី​ទទួលបាន​នូវ​សេចក្តីជូនដំណឹង​ឆ្លើយតប ឬ ក្រោយពី​ផុត​អំឡុងពេល​សម្រាប់​ការដាក់​សេចក្តីជូនដំណឹង​ឆ្លើយតប មានការ​រំពឹងថា គូភាគី​នឹង​ជូនដំណឹង​ដល់​អគ្គលេខាធិការដ្ឋាន អំពី​ការតែងតាំង​ម​ជ្ឈ​ត្ត​ករ​របស់​ភាគី ឬ ករណី​ដែលមាន​ការខកខាន​មិនបាន​តែងតាំង​ម​ជ្ឈ​ត្ត​ករ​ក្នុងអំឡុង​ពេលដែល​បាន​ព្រមព្រៀងគ្នា ឬ អំឡុង​ពេលដែល​បានកំណត់​ទុកជាមុន​ស​ម្រា​ប់​ការតែងតាំង​ម​ជ្ឈ​ត្ត​ករ ម ជ ម នឹង​ប្រើ​សិ​ទិ្ធ​អំណាច​របស់ខ្លួន តាមរយៈ គណៈកម្មាធិការ​តែងតាំង ដើម្បី​សម្រេចបាន​នូវ​ការតែងតាំង​ម​ជ្ឈ​ត្ត​ករ​ដែល​ត្រូវការ​សម្រាប់​វេទិកា​ម​ជ្ឈ​ត្ត​កម្ម​។ ក្រោយ​ពេលដែល​ម​ជ្ឈ​ត្ត​ករ​ត្រូវបានតែងតាំង​តាម​តម្រូវការ​រួចមក អគ្គលេខាធិការដ្ឋាន នឹង​ជូនដំណឹង​ដល់​គូភាគី​ថា វេទិកា​ម​ជ្ឈ​ត្ត​កម្ម ត្រូវបាន​បង្កើតឡើង ហើយ​ជម្រាប​ដល់​គូភាគី​អំពី​ឈ្មោះ និង​ព័ត៌មាន​ទំនាក់ទំនង​របស់​ម​ជ្ឈ​ត្ត​ករ​នោះ​។​

​បន្ទាប់ពី​ត្រូវបានតែងតាំង ប្រសិនបើ​មាន​ម​ជ្ឈ​ត្ត​ករ​ណាមួយ​ត្រូវបាន​ភាគី​ម្ខាង ឬ ទាំងសងខាង មើលឃើញថា គ្មាន​គុណសម្បត្តិ​គ្រប់គ្រាន់ ឬ មិនអាច​រក្សា​ឯករាជ្យភាព អ​ព្យា​ក្រឹត្យ​ភាព និង​ភាព​ឥត​លម្អៀង ក្នុង​ដំណើរការ​ម​ជ្ឈ​ត្ត​ការ ឬ និង ក្នុង​ការចេញ​សេចក្តី​បង្គាប់​(​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​)​ទេនោះ ម​ជ្ឈ​ត្ត​ករ​រូបនោះ​អាច​ត្រូវបាន​ជំទាស់​ដោយ​ភាគី​។ ប្រសិនបើ គូភាគី​ឯកភាពគ្នា​អំពី​ការដក​ម​ជ្ឈ​ត្ត​ករ​នោះ​ចេញពី​វេទិកា​ម​ជ្ឈ​ត្ត​កម្ម ឬ ម​ជ្ឈ​ត្ត​ករ​នោះ​សុខចិត្ត​ដកខ្លួន​ចេញពី​វេទិកា​ម​ជ្ឈ​ត្ត​កម្ម ស្ថានភាព​នោះ​គួ​តែមាន​ភាព​សា​ម័​ញ្ញ ហើយ​ម​ជ្ឈ​ត្ត​ករ​ជំនួស នឹងត្រូវ​តែងតាំង ដោយ​អនុវត្តតាម​នីតិវិធី​ដូចគ្នា ឬ ប្រហាក់​ហែល​គ្នា​ទៅនឹង​នីតិវិធី​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការតែងតាំង​លើកដំបូង​។ ប៉ុន្តែ ក្នុងករណី​ដែល ភាគី​ណាមួយ​បដិសេធ​ចំពោះ​ការដក​ម​ជ្ឈ​ត្ត​ករ​នោះ​ចេញពី​វេទិកា​ម​ជ្ឈ​ត្ត​កម្ម ឬ ម​ជ្ឈ​ត្ត​ករ​នោះ​បដិសេធ​នូវ​ការដកខ្លួន​ចេញពី​វេទិកា​ម​ជ្ឈ​ត្ត​កម្ម ក្នុងស្ថានភាព​បែប​នោះ អាចជា​ការចាំបាច់​ដែល​ត្រូវមាន​អន្តរាគមន៍​ពី​ភាគី​ទី​បី​ដែល​អ​ព្យា​ក្រឹត្យ​។ ក្រោម​វិធាន​ម​ជ្ឈ​ត្ត​ការ​របស់ ម ជ ម សម្រាប់​វេទិកា​ម​ជ្ឈ​ត្ត​កម្ម ដែលមាន​ម​ជ្ឈ​ត្ត​ករ​ច្រើន​រូប វេទិកា​ម​ជ្ឈ​ត្ត​កម្ម​នោះ​ត្រូវ​បានផ្តល់​សិទ្ធិអំណាច​ឱ្យធ្វើ​សេចក្តីសម្រេច​មុនគេ​អំពី​ការជំទាស់​នឹង​ម​ជ្ឈ​ត្ត​ករ​នោះ​។ ក្នុងករណី​ដែល​វេទិកា​ម​ជ្ឈ​ត្ត​កម្ម បដិសេធ​ចំពោះ​ការជំទាស់​នោះ ភាគី​ដែល​ជំទាស់​ចំពោះ​ម​ជ្ឈ​ត្ត​ករ ត្រូវបាន​ផ្តល់​ឪ​កាស​ឱ្យ​ប្តឹងតវ៉ា​ចំពោះ​សេចក្តីសម្រេច​របស់​វេទិកា​ម​ជ្ឈ​ត្ត​ការ ទៅ ម ជ ម​។ នៅពេល​ទទួលបាន​នូវ​បណ្តឹងតវ៉ា​អំពី​សេចក្តីសម្រេច​របស់​វេទិកា​ម​ជ្ឈ​ត្ត​ការ ម ជ ម តាមរយៈ គណៈកម្មាធិការ​តែងតាំង នឹងធ្វើ​អន្តរាគមន៍ ហើយ​ចេញ​សេចក្តីសម្រេច​ស្ថាពរ និង​ជាប់​កាតព្វកិច្ច (​មិនអាច​តវ៉ា​បន្តទៀត​បានឡើយ​) លើ​ការជំទាស់​នឹង​ម​ជ្ឈ​ត្ត​ករ​នោះ​។ ការធ្វើ​បែបនេះ​អាច​ធានាបាន​ថា ម​ជ្ឈ​ត្ត​ករ​ត្រូវបានតែងតាំង​សម្រាប់​សំណុំរឿង​នោះ ហើយ​ចាប់ផ្តើម​បំពេញ​មុខងារ​របស់ខ្លួន​ចំពោះ​សំណុំរឿង​នោះ ដោយ​គ្មាន​ការពន្យា​ពេល​ហួសហេតុ​។​

- ការគាំទ្រ​ដល់​វេទិកា​ម​ជ្ឈ​ត្ត​កម្ម និង​ភាគី​វិវាទ​ទាំងអស់​នៅក្នុង​ដំណើរការ​ម​ជ្ឈ​ត្ត​ការ​ទាំងមូល​

​បន្ទាប់ពី​ការចុះបញ្ជី​សំណុំរឿង ការជូនដំណឹង​អំពី​ការចាប់ផ្តើម​ម​ជ្ឈ​ត្ត​ការ ការជូនដំណឹង​អំពី​ការបង្កើតបាន​នូវ​វេទិកា​ម​ជ្ឈ​ត្ត​កម្ម និង​ការសម្រេច​អំពី​បណ្តឹងតវ៉ា​ទាក់ទង​នឹង​ការជំទាស់​នឹង​ម​ជ្ឈ​ត្ត​ករ ម ជ ម តាមរយៈ អគ្គលេខាធិការដ្ឋាន បន្ត​ផ្តល់​ការគាំទ្រ​ដល់​វេទិកា​ម​ជ្ឈ​ត្ត​កម្ម និង​ដល់​គូភាគី ក្នុង​ដំណើរការ​ម​ជ្ឈ​ត្ត​ការ​ទាំងមូល រហូតដល់​សេចក្តី​បង្គាប់​ពេញលេញ​ស្ថាពរ​ត្រូវ​បានចេញ និង​បញ្ជូនទៅឱ្យ​គូភាគី​។ អគ្គលេខាធិការដ្ឋាន ជួយ​ក្នុងការ​ប្រា​ស័​យ​ទាក់ទង​គ្នា​រវាង​គូភាគី ជាមួយនឹង វេទិកា​ម​ជ្ឈ​ត្ត​កម្ម ការសម្របសម្រួល​នូវ​ការដាក់​ឯកសារ​សម្រាប់​សំណុំរឿង​របស់​គូភាគី ការតាមដាន​សួរនាំ​នូវ​សកម្មភាព​របស់​គូភាគី​ស្តីពី​សេចក្តីបញ្ជា​ខាង​នីតិវិធី​របស់​វេទិកា​ម​ជ្ឈ​ត្ត​កម្ម ការតាមដាន​សួរនាំ​អំពី​ការគោរព​ប្រតិ​ប​តិ្ត​តាម​វិធានការ​បណ្តោះអាសន្ន​ណាមួយ​ដែល​ចេញ​ដោយ​វេទិកា​ម​ជ្ឈ​ត្ត​កម្ម ការរៀបចំ​នូវ​កិច្ចប្រជុំ និង​សវនាការ​ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា ការប្រមូល​នូវ​តម្លៃ​សេវា​ម​ជ្ឈ​ត្ត​ការ និង​ការ​ដំកល់​ប្រាក់​ធានា ការតាមដាន​សួរនាំ​ចំពោះ​វេទិកា​ម​ជ្ឈ​ត្ត​ការ​អំពី​ស្ថានភាព​នៃ​ការតាក់តែង​សេចក្តីព្រាង​សេចក្តី​បង្គាប់ ការពិនិត្យ​ពិ​ច្ច័​យ​លើ​សេចក្តីព្រាង​សេចក្តី​បង្គាប់​មុនពេល​វេទិកា​ម​ជ្ឈ​ត្ត​កម្ម​ចេញ​សេចក្តី​បង្គាប់ នោះ ការទូទ​ទាត់​ជាមួយ​គូភាគី​នូវ​តម្លៃ​សេវា និង​ថ្លៃ​ចំណាយ​នានា​នៃ​សេវា​ម​ជ្ឈ​ត្ត​ការ ព្រមទាំង ការបោះ​ត្រា​លើ​សេចក្តី​បង្គាប់ និង​ការរក្សា​ទុក​នូវ​សំណុំ​ឯកសារ​សេចក្តី​បង្គាប់​។​
​បន្ទាប់ពី​គូភាគី​បាន​ទូទាត់​ទាំងស្រុង​នូវ​តម្លៃ​សេវា និង​ថ្លៃ​ចំណាយ​នានា​នៃ​សេវា​ម​ជ្ឈ​ត្ត​ការ ហើយ​អគ្គលេខាធិការដ្ឋាន ម ជ ម បាន​បោះត្រា​លើ​សេចក្តី​បង្គាប់​ស្ថាពរ​ដែល​ចុះហត្ថលេខា​ដោ​យម​ជ្ឈ​ត្ត​ករ អគ្គលេខាធិការដ្ឋាន នឹង​ជូនដំណឹង​ព្រមទាំង​បញ្ជូនទៅឱ្យ​ភាគី​នីមួយៗ​នូវ​ច្បាប់ដើម​មួយច្បាប់​នៃ​សេចក្តី​បង្គាប់​។ ក្រោយមកទៀត តាម​សំណើ​របស់​ភាគី​ណាមួយ​នៃ​សំណុំរឿង ឬ សំណើ​របស់​តុលាការ​ពាក់ព័ន្ធ អគ្គលេខាធិការដ្ឋាន អាចធ្វើ​ការចម្លង និង​ផ្តល់​សេចក្តីបញ្ជាក់​លើ​សំណៅ​ថតចម្លង​នៃ​សេចក្តី​បង្គាប់​។​

- ការសម្របសម្រួល​លើ​ការចេញ​សេចក្តី​បង្គាប់​បំពេញបន្ថែម ការកែតម្រូវ ការបញ្ជាក់​លើ​ខ្លឹមសារ ឬ និង ការបកស្រាយ​សេចក្តី​បង្គាប់​
​ប្រសិនបើ នៅក្នុង​អំឡុងពេល​ដែល​បាន​ព្រមព្រៀងគ្នា ឬ បានកំណត់​ទុកជាមុន ក្រោយពី​ទទួលបាន​សេចក្តី​បង្គាប់​ស្ថាពរ​ពី​អគ្គលេខាធិការដ្ឋាន ភាគី​ណាមួយ​រកឃើញថា​សេចក្តី​បង្គាប់​នោះ​មិនទាន់​ពេញលេញ (​មិនបាន​សម្រេច​លើ​រាល់​បញ្ហា​ទាំងអស់​ដែល​បានដាក់​ឱ្យធ្វើ​ម​ជ្ឈ​ត្ត​ការ​) ភាគី​នោះ​អាច​ស្នើសុំ​ឱ្យមាន​ការចេញ​សេចក្តី​បង្គាប់​បំពេញបន្ថែម ជូនទៅ​វេទិកា​ម​ជ្ឈ​ត្ត​កម្ម តាមរយៈ អគ្គលេខាធិការដ្ឋានរ​បស់ ម ជ  ម​។ ស្រដៀង​គ្នា​នេះដែរ ប្រសិនបើ​ភាគី​ណាមួយ​រកឃើញថា​សេចក្តី​បង្គាប់​នោះ​មាន​កំហុស​ផ្នែក​បោះ​ពុ​ម្ភ ឬ ផ្នែក​ស្មៀន ឬមួយ​មាន​ផ្នែក ឬ សេចក្តីសម្រេច​ណាមួយ​នៃ​សេចក្តី​បង្គាប់​នោះ​មាន​ភាពមិនច្បាស់លាស់ ឬ អាចមាន​ការបកស្រាយ​បាន​ច្រើនយ៉ាង ភាគី​នោះ​ក៏​អាច​ដាក់សំណើ​សុំឱ្យ​កែតម្រូវ​នូវ​កំហុស ឱ្យមាន​ការចេញ​សេចក្តីបំភ្លឺ ឬ​ការបកស្រាយ​នូវ​សេចក្តី​បង្គាប់​នោះ​ជូនទៅ​វេទិកា​ម​ជ្ឈ​ត្ត​កម្ម តាមរយៈ អគ្គលេខាធិការដ្ឋានរ​បស់ ម ជ ម​។
ចំនួនអ្នក
ចូលទស្សនា
00252714